អឺរ៉ុបគ្រោងយកលុយរុស្ស៊ីជាង ២០០ពាន់លានដុល្លារ ទប់ការដួលរលំរដ្ឋាភិបាលជាសមាជិក

ប៊ុយដាប៉ែស ៖ «សហភាពអឺរ៉ុបនឹងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបង្កក ចំនួន២៣០ពាន់លានដុល្លារ យកមកការពារទប់ស្កាត់ ការដួលរលំរដ្ឋាភិបាល នៃបណ្តាប្រទេស នៅក្នុងប្លុក» នេះបើតាមការអះអាង របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT។

លោក Orban បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុបបានចំណាយយ៉ាងច្រើន លើសង្គ្រាម នៅអ៊ុយក្រែន និង បានព្យាយាមធានាដល់អ្នកបោះឆ្នោត ថា នឹងមិនធ្វើឱ្យពួកគេខាតបង់ មួយកាក់មួយសេនទេ ទោះបីជាប្លុកនេះ គាំទ្រអ៊ុយក្រែនក៏ដោយ ព្រោះទ្រព្យសម្បត្តិរបស់រុស្ស៊ី នឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ជំនួសឲ្យអ្នកបង់ពន្ធ នៅអឺរ៉ុប។

លោក Orban បានអះអាងទៀតថា មេដឹកនាំសហភាពអឺរ៉ុប ឥឡូវនេះ កំពុងព្យាយាមធានាការផ្តល់ហិរញ្ញប្បទាន ដោយចង្អុលទៅការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ជាគោលដៅ និង ការព្រមានអំពីបញ្ហានយោបាយ ប្រសិនបើទីក្រុងព្រុចសែលបរាជ័យ ក្នុងការទទួលបានលុយបង្កករបស់រុស្ស៊ីទាំងនោះ។

យោងតាមសារព័ត៌មាន RT, អឺរ៉ុបបានចំណាយប្រាក់ ជាង ១១៨ពាន់លានដុល្លារ លើអ៊ុយក្រែន តាំងពីមានសង្គ្រាម មក។

លោក Viktor Orban អះអាងថា កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានផ្អាកជាបណ្តោះអាសន្ន នូវទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ី ប្រហែល ២៣០ ពាន់លានដុល្លារ។

បើទោះបីជា អឺរ៉ុបទទូចថា ការបង្កកមូលនិធិ អនុលោមតាមច្បាប់អន្តរជាតិ យ៉ាងណាក៏ដោយ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមទាំង ធនាគារកណ្តាលអ៊ឺរ៉ុប និងទីភ្នាក់ហិរញ្ញវត្ថុអន្តរជាតិ IMF បានព្រមានថា ការប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាព អាចបំផ្លាញទំនុកចិត្ត លើប្រាក់អឺរ៉ូ។

ទីក្រុងមូស្គូ បានថ្កោលទោសការបង្កកនេះថា ខុសច្បាប់ ហើយបានហៅការប្រើប្រាស់មូលនិធិរបស់ខ្លួន ថាជាអំពើចោរកម្ម។ ធនាគារកណ្តាលរបស់រុស្សី បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ្នកដាក់ប្រាក់បញ្ញើ Euroclear មានមូលដ្ឋាន នៅបែលហ្សិក ដែលកាន់កាប់ទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួន រួចរាល់ហើយផងដែរ៕

ប្រភពពី RT