តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានថ្កោលទោសអាមេរិក ដែលកំពុងគំរាមប្រើកម្លាំងយោធាប្រឆាំងនឹងវេណេស៊ុយអេឡា ដោយនិយាយថា សកម្មភាពបែបនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ពិសេសបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងពិភពលោក ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងបែបនេះក្នុងថ្ងៃអាទិត្យ កំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍក្នុងតំបន់ការ៉ាប៊ីន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ។
នាឱកាសនោះ ប្រមុខការទូតអ៊ីរ៉ង់បានជំរុញឱ្យសហគមន៍អន្តរជាតិគួរតែមានជំនួលខុសត្រូវ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាសកម្មភាពខុសច្បាប់ និងឯកតោភាគីរបស់អាមេរិកប្រឆាំងវេណេស៊ុយអេឡា ។
ចំណែកប្រមុខការទូតវេណេស៊ុយអេឡាវិញ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជនវេណេស៊ុយអេឡា ក្នុងការការពារអធិបតេយ្យភាពជាតិ និងឯករាជ្យភាពប្រឆាំងនឹងសម្ពាធពីខាងក្រៅ ។
អស់រយៈពេលជិត៤ខែមកហើយ អាមេរិកបានរក្សាវត្តមានយោធាទ្រង់ទ្រាយធំក្នុងតំបន់ការ៉ាប៊ីន ដែលភាគច្រើននៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ក្រោមហេតុផលប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ។ ប៉ុន្តែទីក្រុងការ៉ាកាស់បានថ្កោលទោសសកម្មភាពរបស់អាមេរិកនេះថា ជាការប៉ុនប៉ងបង្កភាពចលាចល និងផ្លាស់ប្តូររបបដឹកនាំនៅវេណេស៊ុយអេឡា ៕
ប្រភព ៖ ស៊ីនហួរ

Leave a Reply