រុស្ស៊ី បញ្ចប់ការសាកល្បងម៉ាស៊ីនជំនាន់ទី៥ សម្រាប់បំពាក់យន្តហោះចម្បាំង Su-57 ដោយជោគជ័យ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបញ្ចប់ការហោះហើរសាកល្បងនៃយន្តហោះចម្បាំង Su-57 ដោយជោគជ័យ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីលយន្តហោះថ្មីជំនាន់ទី ៥ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើនកិត្យានុភាព និងប្រសិទ្ធភាពម៉ាស៊ីនឱ្យកាន់តែខ្លាំងជាងមុន សម្រាប់ដំឡើងក្នុងយន្តហោះចម្បាំងជំនាន់ក្រោយៗទៀត ។

ក្រុមហ៊ុនការពារជាតិរដ្ឋ Rostec របស់រុស្ស៊ី និយាយថា យន្តហោះចម្បាំង Sukhoi Su-57 បានហោះហើរជាលើកដំបូងដោយជោគជ័យ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន “Product 177” ថ្មី ដែលជាម៉ាស៊ីនយន្តហោះជំនាន់ទី ៥ បង្កើតឡើងជាពិសេសសម្រាប់ដំឡើងក្នុងយន្តហោះប្រយុទ្ធទំនើបៗ ។

ចំណុចពិសេសនៃម៉ាស៊ីន “Product 177” នេះ មានដូចជា វាអាចផ្តល់នូវកម្លាំងរុញច្រានអតិបរមារហូតដល់ ១៦,០០០គីឡូក្រាម កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ បង្កើនភាពធុនជាងមុន និងមានអាយុកាលបម្រើសេវាកម្មបានកាន់តែយូរជាងមុន ។

គួរកត់សម្គាល់ Su-57 គឺជាយន្តហោះចម្បាំងពហុតួនាទីដែលត្រូវបានរចនាឡើង ដើម្បីអនុវត្តបេសកកម្មប្រយុទ្ធជាច្រើនប្រភេទ ។ បើតាមសារព័ត៌មាន The Business Insider, Su-57 គឺជាយន្តហោះចម្បាំងជំនាន់ទី៥ របស់រុស្ស៊ី ហើយក៏ជាគូប្រជែងដ៏សំខាន់ជាមួយយន្តហោះចម្បាំងរបស់អាមេរិក ទាំង F-35 និង F-22 ផងដែរ ។

ក្នុងជំនាន់ជាមួយគ្នានេះ គេសង្កេតឃើញថា មានតែយន្តហោះចម្បាំងអាមេរិក F-35 Lighting II និង F-22 ព្រមទាំងយន្តហោះរបស់ចិន J-20 និង J-35 ប៉ុណ្ណោះ ដែលមានកម្រិតទំនើបប្រហាក់ប្រហែលគ្នាទៅនឹងយន្តហោះចម្បាំង Su-57 របស់រុស្ស៊ី ទាំងបច្ចេកវិទ្យា និងសមត្ថភាពឌីជីថល ។ មកទល់ពេលនេះ រុស្សីផលិតយន្តហោះចម្បាំង Su-57 បានចន្លោះពី ២០ ទៅ ២៤គ្រឿងប៉ុណ្ណោះ ៕

ប្រភព ៖ ស៊ីនហួរ និង aerotime