បារាំង គ្រោងចាយ ១២ ពាន់លានដុល្លារ សង់នាវាផ្ទុកយន្តហោះធំបំផុតនៅអឺរ៉ុប

ឌូបៃ ៖ ប្រទេសបារាំងមានផែនការចំណាយលុយដល់ទៅ ១២ ពាន់លានដុល្លារ ដើម្បីសាងសង់នាវាដឹកយន្តហោះថ្មីមួយគ្រឿង ដែលនឹងក្លាយជានាវាដឹកយន្តហោះធំបំផុតមិនធ្លាប់មានក្នុងទ្វីបអឺរ៉ុប ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP, នាវាថ្មីនេះមានទម្ងន់ដល់ទៅ ៧៨,០០០ តោន និងមានប្រវែងប្រហែល ៣១០ ម៉ែត្រ ។ វាមានសមត្ថភាពផ្ទុកយន្តហោះចម្បាំងរហូតដល់ ៣០ គ្រឿង និងកងទ័ពជើងទឹកបានប្រមាណ ២ ពាន់នាក់ ។

នាវាដឹកយន្តហោះថ្មីនេះ នឹងដំណើរការដោយថាមពលនុយក្លេអ៊ែរ និងផ្ទុកដោយយន្តហោះចម្បាំង Rafale M របស់បារាំង ។

លោកប្រធានាធិបតី Emmanuel Macron និយាយថា ប្រទេសបារាំងគ្រោងដាក់ដំណើរការនាវាថ្មីនេះនៅឆ្នាំ ២០៣៨ ក្នុងគោលបំណងជំនួសនាវាដឹកយន្តហោះចាស់ Charles de Gualle ដែលបានចូលបម្រើយោធាកាលពីឆ្នាំ ២០០១ ។

លោកថា គម្រោងនេះជាការបង្ហាញអំណាចរបស់ប្រទេសបារាំង ទាក់ទិននឹងសេរីភាពដែនសមុទ្រ ដើម្បីបន្លាចសត្រូវ ជាពិសេសត្រូវតែរឹងមាំផ្នែកជើងទឹក ។

បច្ចុប្បន្ន បារាំងមានកងទ័ពសកម្មប្រហែល ២០ ម៉ឺននាក់ និងកងទ័ពបម្រុងជាង ៤ ម៉ឺននាក់ ។ ចំនួននេះធ្វើឲ្យបារាំងក្លាយជាប្រទេសមានកងទ័ពធំជាងគេទី ២ នៅអឺរ៉ុប បន្ទាប់ពីប្រទេសប៉ូឡូញ ។ ទន្ទឹមគ្នានេះ បារាំងក៏មានមហិច្ឆតាចង់បង្កើនចំនួនកងទ័ពបម្រុងដល់ ៨ ម៉ឺននាក់ផងដែរនៅឆ្នាំ ២០៣០ ។

បើតាមលោក Macron, នៅឆ្នាំ ២០២៧ បារាំងគ្រោងនឹងបង្កើនកញ្ចប់ថវិការលើវិស័យការពារជាតិបន្ថែមចំនួន ៧,៦០០ លានដុល្លារ ៕

ប្រភព ៖ AP