រុស្ស៊ីថ្កោលទោស អាមេរិក ដែលរឹបអូសនាវាដឹកប្រេងវ៉េណេស៊ុយអេឡា

អ.ស.ប ៖ រុស្ស៊ីបានប្រកាសថ្កោលទោស ការរឹបអូសនាវាដឹកប្រេង នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ពីសំណាក់យោធាអាមេរិក ហើយ ព្រមានថា អាចមានផលវិបាក ដ៏មហន្តរាយ។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT,
បេសកជនរបស់ទីក្រុងមូស្គូ ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយ កាលពីថ្ងៃអង្គារថា «យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសយកនាវាដឹកប្រេង ដោយយោធាអាមេរិក និងការបិទផ្លូវជើងទឹក នៃប្រទេសវេណេស៊ុយអេឡា»។ លោកបន្តថា «ទីក្រុងវ៉ាស៊ីនតោនត្រូវទទួលខុសត្រូវ ចំពោះផលវិបាកដ៏មហន្តរាយ ហើយ សកម្មភាពរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវេណេស៊ុយអេឡា អាចក្លាយជាគំរូសម្រាប់សកម្មភាពយោធា នាពេលអនាគត ប្រឆាំងនឹងរដ្ឋ នៅតំបនអាមេរិកឡាទីន មួយនេះ»។

យ៉ាងណា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញពីភាពត្រឹមត្រូវ នៃការរឹបអូសនេះ ដោយអះអាងថា វេណេស៊ុយអេឡា បានលួចយកទ្រព្យសម្បត្តិថាមពលរបស់សហរដ្ឋអាមេរិក ហើយ បានព្រមានថា ទីក្រុង ការ៉ាកាស់ នឹងប្រឈមមុខនឹងអំណាចនៃអាវុធដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្ត នៃ អាមេរិកខាងត្បូង បើមិនសងឲ្យអាមេរិក មកវិញនោះទេ។

លោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ របស់សេតវិមាន បានអះអាងថា កប៉ាល់ដឹកប្រេងពីរគ្រឿង ដំបូង ត្រូវបានរឹបអូស ក្នុងពេលកំពុងធ្វើប្រតិបត្តិការ នៅលើទីផ្សារងងឹត និងផ្តល់ប្រេងដល់ប្រទេស ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម។

ចាប់តាំងពីខែកញ្ញាមក យោធាអាមេរិកក៏បានធ្វើការវាយប្រហារលើទូកតូចៗ ដែលត្រូវបានចោទប្រកាន់ថា កំពុងដឹកគ្រឿងញៀន តែ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានថ្កោលទោសថា ជាការប្រហារជីវិតមនុស្ស ក្រៅប្រព័ន្ធតុលាការដោយខុសច្បាប់។

លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទ ថា «ប្រសិនបើជាលោកចង់ធ្វើអ្វីមួយ លោកនឹងលេងឲ្យខ្លាំង» ប៉ុន្តែ លោកក៏បានអះអាងដែរថា ដំណោះស្រាយឆ្លាតវៃ អាចមាន បើលោក Maduro មេដឹកនាំប្រទេសវេណេស៊ុយអេឡា ចុះចេញពីតំណែង៕

ប្រភពពី RT