ហ្សេរុយសាឡឹម ៖ អាជ្ញាធរហ្គាហ្សាបានប្រកាសថា ចាប់តាំងពីថ្ងៃទី ១០ ខែតុលា អ៊ីស្រាអែលបានរំលោភបំពានបទឈប់បាញ់នៅតំបន់ហ្គាហ្សាជិត ៩៧០ដង នៅពេលដែលបទឈប់បាញ់បានចូលជាធរមាន ។
បើតាមសារព័ត៌មាន Tass, ក្នុងអំឡុងពេលខាងលើនេះ អ៊ីស្រាអែលត្រូវគេរាយការណ៍ថា បានរំលោភលើបទឈប់បាញ់ដល់ទៅ ៩៦៩ដង រួមទាំងការវាយប្រហារតាមអាកាស និងកាំភ្លើងធំចំនួន ៤៥៥ដង ព្រមទាំងការវាយប្រហារដោយគ្រាប់ផ្លោងចំនួន ២៩៨លើកលើជនស៊ីវិល និងផ្ទះសម្បែងរបស់ពួកគេ បណ្តាលឱ្យស្លាប់មនុស្សចំនួន ៤១៨នាក់ និងច្រើនជាង ១.១៤០នាក់រងរបួស ។
បន្ថែមលើនេះ អាជ្ញាធរហ្គាហ្សាក៏បានចោទប្រកាន់អ៊ីស្រាអែលដែរថា បានរារាំងការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់នេះ ទោះបីជាមានកិច្ចព្រមព្រៀងដែលមានស្រាប់ក៏ដោយ ។ សព្វថ្ងៃ តំបន់ហ្គាហ្សាបានទទួលជំនួយមនុស្សធម៌ត្រឹមតែ ៤២% ប៉ុណ្ណោះដែលខ្លួនត្រូវការ ដើម្បីបំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាជនរបស់ខ្លួន ។
យោងតាមអាជ្ញាធរហ្គាហ្សា, ប្រជាជនហ្គាហ្សាកំពុងប្រឈមមុខនឹងកង្វះស្បៀងអាហារ ថ្នាំពេទ្យ ទឹកស្អាត និងប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ហើយថា វិបត្តិនេះ កាន់តែអាក្រក់ឡើងៗ ស្របពេលអាកាសធាតុត្រជាក់ក្នុងរដូវរងា ។
វិបត្តិនៅតំបន់ហ្គាហ្សាកើតចេញពីភាពតានតឹងបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បានបើកការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល ដោយបានសម្លាប់ប្រជាជននៅតំបន់ព្រំដែន និងចាប់មនុស្សធ្វើចំណាប់ខ្មាំងជាង ២៥០នាក់ ។
ជាការសងសឹក អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាដើម្បីរុះរើរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ពួកហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងទាំងអស់ ។
ផ្អែកតាមទិន្នន័យចុងក្រោយបំផុតរបស់ក្រសួងសុខាភិបាលហ្គាហ្សា, ចំនួនអ្នកស្លាប់សរុបដោយសារអរិភាពរវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់នៅក្នុងតំបន់នេះ បានកើនឡើងលើសពី ៧១,០០០នាក់ និងច្រើនជាង ១៧១,០០០នាក់រងរបួស ៕
ប្រភព ៖ TASS

Leave a Reply