ប៉េកាំង ៖ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់កាន់តែពុះកញ្ជ្រោល ស្របពេលយោធាចិន នៅថ្ងៃចន្ទនេះ ប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ជុំវិញតៃវ៉ាន់ ហើយគ្រោងហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅថ្ងៃអង្គារស្អែក ទូទាំងតំបន់ចំនួន ៥ ទាំងដែនសមុទ្រ និងអាកាសក្បែរកោះមួយនេះ ។
ល្បែងសង្គ្រាមនេះ យោធាចិនដាក់ឈ្មោះថា បេសកកម្មយុត្តិធម៌ ២០២៥ ឬ “Justice Mission 2025” ដែលមានការចូលរួមពីកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងអង្គភាពកងកម្លាំងរ៉ុក្តែត ។
សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងសាកល្បងការត្រៀមខ្លួនប្រយុទ្ធ និងជាការបញ្ជូនសារព្រមានដ៏ម៉ឺងម៉ាត់ ប្រឆាំងនឹងការទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ ហើយវាក៏ជាសកម្មភាពស្របច្បាប់ និងចាំបាច់ ដើម្បីការពារអធិបតេយ្យភាពនិងឯកភាពជាតិរបស់ចិន ។
បើតាមអ្នកនាំពាក្យនៃទីបញ្ជាការភូមិភាគខាងកើតចិន លោក Shi Yi, ការហាត់ហ្វឹកហ្វឺននេះ បម្រើជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់ និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ ។
លោកថា ការបញ្ចេញសាច់ដុំយោធានេះទៀតសោត ក៏នឹងផ្តោតលើការហ្វឹកហ្វឺនសម្រាប់ការល្បាតត្រៀមប្រយុទ្ធតាមដែនសមុទ្រ និងផ្លូវអាកាស ការទទួលបានការគ្រប់គ្រងរួម ការបិទកំពង់ផែ និងតំបន់សំខាន់ៗ ក៏ដូចជាការទប់ស្កាត់ផ្សេងៗ ។
គួរកត់សម្គាល់ សមយុទ្ធទ្រង់ទ្រាយធំនេះ ធ្វើឡើងចំពេលដែលទំនាក់ទំនងចិន និងជប៉ុនមានភាពរង្គោះរង្គើខ្លាំង ដោយសារតែសន្ទរកថារបស់លោកស្រីនាយករដ្ឋមន្រ្តី Takaichi Sanae ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន ។
ម្យ៉ាងវិញ ការសម្ញែងសាច់ដុំយោធានេះដែរ កើតឡើងក្រោយអាមេរិកអនុម័តលក់សព្វាវុធធំបំផុតទៅឱ្យតៃវ៉ាន់ ដែលបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំង រហូតបានទះកំផ្លៀងទីក្រុងវ៉ាស៊ីនតោន តាមរយៈការដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២០ កាលពីសប្តាហ៍មុន ៕
ប្រភព ៖ AFP

Leave a Reply