ចិន បោះជំហានផលិតរ៉ុក្កែតប្រើឡើងវិញបាន ប្រជែង SpaceX

ប៉េកាំង ៖ ក្រុមហ៊ុនរ៉ុក្កែតថ្មីមួយរបស់ប្រទេសចិន ដែលទើបចាប់កំណើត មានឈ្មោះថា LandSpace ត្រូវបានគេរំពឹងថា កំពុងត្រៀមខ្លួនប្រកួតប្រជែងជាមួយជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក Elon Musk ។

គោលដៅចម្បងដែលចិនបង្កើតក្រុមហ៊ុន LandSpace នេះឡើង គឺដើម្បីប្រែក្លាយក្រុមហ៊ុននេះ ជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាបាញ់បង្ហោះរ៉ុក្កែតទៅកាន់ទីអវកាស ដែលអាចប្រើឡើងវិញបាន ដូចនឹងដែល SpaceX របស់លោក Musk ធ្លាប់ធ្វើកន្លងទៅ ។

ជាក់ស្តែង កាលពីដើមខែធ្នូ ក្រុមហ៊ុនអវកាស LandSpace ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ បានក្លាយជាអង្គភាពចិនដំបូងគេ ដែលបានធ្វើតេស្តបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលអាចប្រើឡើងវិញបានឡើងទៅកាន់ទីអវកាស ។

បើតាមសារព័ត៌មាន The Japan Times, ទោះបីការសាកល្បងរ៉ុក្កែត Zhuque-3 បានបញ្ចប់ដោយបរាជ័យក៏ដោយ តែគោលដៅធំរបស់ LandSpace នៅតែចង់ក្លាយជាក្រុមហ៊ុនទីពីរបន្ទាប់ពី SpaceX ក្នុងវិស័យរ៉ុក្កែតដែលអាចប្រើឡើងវិញបានបន្ទាប់ពីបាញ់រួច ។

បើសិនអ្វីៗរលូនដូចការគ្រោងទុកនោះ ក្រមហ៊ុន LandSpace នឹងក្លាយជាតួអង្គរសំខាន់សម្រាប់ប្រទេសចិន សម្រាប់ជាជម្រើសបាញ់បង្ហោះរ៉ុក្តែតមានតម្លៃទាបផ្ទាល់ខ្លួន ស្រដៀងនឹងរ៉ុក្កែត Falcon 9 ដែលអាចប្រើឡើងវិញបានរបស់ SpaceX ជាពិសេសវាក៏នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងផែនការរបស់ទីក្រុងប៉េកាំង ដើម្បីបង្កើតក្រុមតារានិករផ្កាយរណបចំនួន ១ម៉ឺនគ្រឿងនៅទសវត្សរ៍ខាងមុខផងដែរ ៕

ប្រភព ៖ The Japan Times