ណៃពិដោ ៖ មីយ៉ាន់ម៉ាបានអះអាងនៅថ្ងៃអង្គារនេះថា ក្រុមបះបោរបានបំផ្ទុះគ្រាប់បែក, បាញ់ផ្លោងរ៉ុក្កែត និងបញ្ជាយន្តហោះដ្រូន ដើម្បីបើកការវាយប្រហារផ្ទួនៗទៅលើតំបន់ជាច្រើន រួមទាំងទីតាំងមណ្ឌលរៀបចំការបោះឆ្នោតផងដែរ ។
បើតាម CNA, ការវាយប្រហារដ៏ឃោរឃៅពីក្រុមឧទ្ទាមបះបោរនៅក្នុងសង្កាត់ចំនួន ១១ ក្នុងចំណោម ១០២ សង្កាត់ ដែលគេយកធ្វើជាទីតាំង រៀបចំការបោះឆ្នោត បណ្តាលឲ្យជនស៊ីវិល យ៉ាងតិច ៥ នាក់រងរបួស ។
ប្រភពដដែលបញ្ជាក់ថា គោលបំណងដែលក្រុមឧទ្ទាមបះបោរបង្កសកម្មភាពបែបនេះ គឺដើម្បីបំផ្លាញការិយាល័យបោះឆ្នោត, និងដើម្បីបំភិតបំភ័យ ក៏ដូចជារារាំងប្រជាជន មិនឲ្យធ្វើដំណើរទៅបោះឆ្នោត ។
យ៉ាងណា អ្នកបោះឆ្នោតមិនបានខ្លាចរអារនោះទេ និងបានបន្តឈរតម្រង់ជួរដើម្បីចូលបោះឆ្នោត ក្នុងគោលដៅស្វែងរកលទ្ធិប្រជាធិបតេយ្យ ដ៏ពិតប្រាកដមួយ ។
កងកម្លាំងយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល រហូតមកដល់ពេលនេះ ។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ប្រទេសនេះ បានបើកដំណើរការបោះឆ្នោតដំណាក់កាលដំបូង ដើម្បីបើកសិទ្ធិទៅដល់ប្រជាពលរដ្ឋ ។
យ៉ាងណា ក្រុមទ័ពព្រៃ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និង កងទ័ពជនជាតិភាគតិច ដែលប្រឆាំងនឹងយោធា បានប្ដេជ្ញា នឹងរារាំងការបោះឆ្នោត នៅលើទឹកដី ដែលពួកគេដណ្តើមកាន់កាប់បាន អំឡុងសង្គ្រាមស៊ីវិល ៕
ប្រភពពី CNA

Leave a Reply