វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានប្រកាសលក់យន្តហោះចម្បាំង F-15 ទៅឲ្យប្រទេសអ៊ីស្រាអែល ក្រោមកិច្ចសន្យាតម្លៃ៨,៦០០ លានដុល្លារ ខណៈក្រុមហ៊ុន Boeing នឹងទទួលរ៉ាប់រងចំពោះការផលិតយន្តហោះទាំងនេះ ។
បើតាមសារព័ត៌មាន The strait times, កិច្ចព្រមព្រៀងនេះកើតឡើង ក្រោយលោកប្រធានាធិបតី Donald Trump ជួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅរដ្ឋ Florida កាលពីថ្ងៃចន្ទ ។
មន្ទីរបញ្ជាកោណលើកឡើងថា កិច្ចសន្យានេះ នឹងផ្តល់នូវការរចនា, ការរួមបញ្ចូលបច្ចេកវិទ្យា ការដំឡើងឧបករណ៍ ការធ្វើតេស្ត ផលិតកម្ម និងការដឹកជញ្ជូនយន្តហោះចម្បាំង F-15IA ចំនួន ២៥ គ្រឿង ទៅឲ្យកងទ័ពអាកាសអ៊ីស្រាអែល ជាមួយនឹងជម្រើសអនុញ្ញាតឲ្យទិញបន្ថែមចំនួន ២៥ គ្រឿងទៀត ។
មន្ទីរបញ្ចកោណបន្ថែមថា ការងារអភិវឌ្ឍកម្មវិធីយន្តហោះចម្បាំង F-15IA សម្រាប់អ៊ីស្រាអែល គ្រោងនឹងចាប់ផ្តើមដំណើរការនៅឯរោងចក្រ Boeing ក្នុងទីក្រុង St. Louis នៃរដ្ឋ Missouri ហើយរំពឹងថា នឹងផលិតយន្តហោះចម្បាំងរួចរាល់ទាំងស្រុងនៅត្រឹមខែធ្នូ ឆ្នាំ២០៣៥ ។
ប្រភពដដែលបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងការលក់សព្វាវុធយោធាបរទេសទៅឲ្យអ៊ីស្រាអែល ខណៈដែលអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ាជាយូរយារណាស់មកហើយ ។
យន្តហោះចម្បាំង F-15IA គឺជាការធ្វើទំនើបកម្មចេញពីយន្តហោះចម្បាំង F-15EX ជំនាន់ចុងក្រោយបំផុត នៅក្នុងបញ្ជាការកងទ័ពជើងអាកាសអាមេរិកនាពេលបច្ចុប្បន្ន ។ ប៉ុន្តែវាត្រូវបានកែតម្រូវបច្ចេកវិទ្យាពិសេសៗមួយចំនួន តបតាមការស្នើសុំរបស់អ៊ីស្រាអែល ។
F-15IA គឺវាជាប្រភេទយន្តហោះចម្បាំងពហុមុខងារ និងមានសមត្ថភាពផ្ទុកអាវុធក្នុងទម្ងន់ដល់ទៅជាង ១ម៉ឺនគីឡូក្រាម ហើយអាចធ្វើប្រតិបត្តិការក្នុងចម្ងាយរហូតដល់ ៤ ពាន់គីឡូម៉ែត្រ ឬអាចហោះហើរបានប្រហែល ២ ម៉ឺនម៉ោង ។ នេះបើតាមសារព័ត៌មាន The Jerusalem Post ៕
ប្រភព ៖ The Straits Times និង The Jerusalem Post

Leave a Reply