ហ្គាហ្សា ៖ មនុស្សជាង ១ លាននាក់ ឬស្ទើរតែគ្រប់គ្នានៅក្នុងតំបន់ហ្គាហ្សា នៅតែត្រូវការជំនួយសម្រាប់ទីជម្រកជាបន្ទាន់ ។ នេះបើតាមការបញ្ជាក់ពីការិយាល័យអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ។
ការិយាល័យនេះបន្តថា តម្រូវការជំនួយសម្រាប់ទីជម្រកនៅតែមាន ទោះបីជាអ្នកផ្តល់ជំនួយមនុស្សធម៌បានចែកចាយតង់រាប់ពាន់ និងក្រណាត់តង់រាប់ម៉ឺន និងសម្ភារៈផ្សេងទៀតនៅទូទាំងតំបន់នេះ ចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ។
ការិយាល័យនេះបានដកស្រង់សម្តីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិថា អ្នកផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា នៅតែបន្តជួយគ្រួសារងាយរងគ្រោះបំផុត ខណៈស្ថានភាពរដូវរងាដ៏អាក្រក់ធ្វើឲ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ កំពុងបន្តស៊ូទ្រាំរស់នៅក្នុងតង់បណ្តោះអាសន្នដែលបានខូចខាតដោយសារភ្លៀង ខ្យល់ និងរលកទឹកសមុទ្រ ។
ជាមួយគ្នានេះ ដៃគូអង្គការសហប្រជាជាតិដែលធ្វើការក្នុងវិស័យធនធានទឹក អនាម័យ និងសុខភាព កំពុងជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងកាកសំណល់រឹង ខណៈដែលគម្លាតកាន់តែធំរវាងបរិមាណដែលប្រមូលបាន និងប្រើប្រាស់ ដោយសារតែមិនអាចទៅដល់កន្លែងចាក់សំរាម ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និង កង្វះខាតប្រេងឥន្ធនៈ ។
ទោះបីជាមានឧបសគ្គក៏ដោយ ក៏ក្រុមការងារដែលគាំទ្រដោយមូលនិធិកុមារអង្គការសហប្រជាជាតិ បានយកកាកសំណល់រឹងចំនួន ១.០០០តោនចេញជារៀងរាល់ខែ ចាប់តាំងពីមានបទឈប់បាញ់ ដែលជួយការពារសុខុមាលភាព និងសុខភាពរបស់កុមារ និងក្រុមគ្រួសាររបស់ពួកគេ ៕
ប្រភព ៖ ស៊ីនហួ

Leave a Reply