វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកនឹងគ្រប់គ្រងវេណេស៊ុយអេឡា ហើយទាញយកទុនបម្រុងប្រេងដ៏ច្រើនរបស់ប្រទេសនេះ បន្ទាប់ពីបានចាប់ខ្លួនមេដឹកនាំឆ្វេងនិយម លោក នីកូឡាស់ ម៉ាឌូរ៉ូ កំឡុងពេលវាយឆ្មក់ទម្លាក់គ្រាប់បែកលើរដ្ឋធានីការ៉ាកាស់ ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP, លោកប្រធានាធិបតីវេណេស៊ុយអេឡា ម៉ាឌូរ៉ូ និងភរិយា ត្រូវបានបញ្ជូនតាមជើងហោះហើរទៅដល់ទីក្រុងញូវយ៉កហើយ ជាទីដែលប្តីប្រពន្ធនេះនឹងត្រូវប្រឈមមុខនូវការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់នៅសហរដ្ឋអាមេរិក ។
លោកប្រធានាធិបតី ត្រាំ បាននិយាយថា រូបលោកកំពុងតែងតាំងមនុស្សយកចេញពីគណៈរដ្ឋមន្ត្រីរបស់គាត់ ឲ្យទទួលបន្ទុកគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាជាបណ្តោះអាសន្ន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ។
បើតាមការលើកឡើងរបស់លោក ត្រាំ, កងទ័ពអាមេរិកអាចត្រូវបានដាក់ពង្រាយនៅវេណេស៊ុយអេឡា និងថា កងកម្លាំងអាមេរិកមិនខ្លាចការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅទីនោះទេ ។
មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ ក៏បានអះអាងដែរថា សហរដ្ឋអាមេរិកនឹងដឹកនាំវេណេស៊ុយអេឡាជាបណ្ដោះអាសន្ន រហូតទាល់តែដល់ពេលមួយ ដែលយើងអាចសម្រេចបាននូវការផ្ទេរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌ ។
ហើយលោកក៏បានព្រមានផងដែរថា លោកត្រៀមខ្លួនជាស្រេច សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើកទី២ លើវេណេស៊ុយអេឡា ក្នុងករណីចាំបាច់ ៕
ប្រភព ៖ AFP

Leave a Reply