វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានស្នើសភាបង្កើនកញ្ចប់ថវិកាយោធាអាមេរិកសម្រាប់ឆ្នាំ ២០២៧ ដល់ចំនួន ១.៥ ទ្រីលានដុល្លារ ខណៈកញ្ចប់ថវិកាយោធាក្នុងឆ្នាំ ២០២៦ នេះ មានប្រមាណ ៩០១ ពាន់លានដុល្លារប៉ុណ្ណោះ ។
តាមរយៈសារបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធ, លោក ត្រាំ និយាយថា លោកបានសម្រេចចិត្តស្នើឲ្យមានការចំណាយដ៏ច្រើនលើសលប់លើផ្នែកយោធាសម្រាប់ឆ្នាំ ២០២៧ នោះ បន្ទាប់ពីមានការចរចាដ៏យូរ និងលំបាក ជាមួយព្រឹទ្ធសមាជិក សមាជិកសភា រដ្ឋមន្រ្តី និងអ្នកតំណាងនយោបាយផ្សេងទៀត ជាពិសេសនៅក្នុងពេលវេលាដ៏លំបាក និងគ្រោះថ្នាក់បែបនេះ ។
បើតាមសារព័ត៌មាន Politico, , ការបង្កើនកញ្ចប់ថវិកាយោធាដ៏ច្រើនសម្បើមនេះ ទំនងជាយកទៅទប់ទល់ការចំណាយដ៏ច្រើនលើសលុប នៃផែនការប្រកបដោយមហិច្ឆតារបស់លោក Trump ទៅលើគម្រោងបង្កើតប្រព័ន្ធខែលការពារដែនអាកាស Golden Dome និងនាវាចម្បាំងខ្នាតយក្ស ដែលដាក់ឈ្មោះលោកផ្ទាល់ គឺ Trump Class USS Defiant ។
ការប្រកាសរបស់លោក Trump បានធ្វើឲ្យភាគហ៊ុននៅក្នុងក្រុមហ៊ុនការពារជាតិអាមេរិកធំៗស្ទុះឡើងភ្លាមៗ ក្នុងនោះក្រុមហ៊ុន Lockheed Martin បានកើនឡើង ៦.២% ក្រុមហ៊ុន General Dynamics កើនឡើង ៤.៤% ខណៈក្រុមហ៊ុន RTX កើនឡើង ៣.៥% ។
ក្រៅពីស្នើបង្កើនកញ្ចប់ថវិកាការពារជាតិដ៏ធំសម្បើម ប្រធានាធិបតីអាមេរិកវ័យ ៧៩ ឆ្នាំរូបនេះ ក៏បានចុះចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការមិនមែនក្របខណ្ឌអង្គការសហប្រជាជាតិចំនួន ៣៥ និងអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១ ដែលធ្វើប្រតិបត្តិការផ្ទុយទៅនឹងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន សេតវិមានបានចោទប្រកាន់ថា អង្គការទាំងនេះ បានលើកកម្ពស់គោលនយោបាយអាកាសធាតុជ្រុលនិយម អភិបាលកិច្ចសកល និងកម្មវិធីមនោគមន៍វិជ្ជា ដែលផ្ទុយទៅនឹងអធិបតេយ្យ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ៕
ប្រភព ៖ Reuters

Leave a Reply