ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ បាននិយាយក្នុងថ្ងៃពុធថា រដ្ឋាភិបាលអាចនឹងរឹបអូសយកដីចម្ការដូងប្រេងបន្ថែមចាប់ពីទំហំ ៤ទៅ៥លានហិកតានៅឆ្នាំ ២០២៦ ដោយសារផ្ទៃដីដាំដុះទាំងនោះ បានរំលោភដីតំបន់អភិរក្សព្រៃឈើ ។
លោកប្រធានាធិបតី ប្រាបូវ៉ូ បន្តថា នៅឆ្នាំ ២០២៥ ក្រុមការងាររបស់លោក រួមមានកម្លាំងយោធា ប៉ូលិស និងព្រះរាជអាជ្ញា បានរឹបអូសយកដីចម្ការដូងប្រេងជាង ៤.១លានហិកតា ដែលត្រូវបានគេនិយាយថា កំពុងដំណើរការខុសច្បាប់នៅក្នុងតំបន់អភិរក្សព្រៃឈើ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចម្រាញ់ដូងប្រេងធំៗ និងសហគ្រាសកសិករខ្នាតតូចជាដើម ។
អគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ី លោក សានីធា ប៊ូហាន់នូឌីន បានឱ្យដឹងកាលពីខែធ្នូឆ្នាំមុនថា រដ្ឋាភិបាលអាចប្រមូលប្រាក់ពិន័យចំនួន ៦,៥ពាន់លានដុល្លារ ពីក្រុមហ៊ុនប្រេងដូង ដែលពាក់ព័ន្ធនឹងការរឹបអូសនៅឆ្នាំ ២០២៥ ។
យុទ្ធនាការដែលគាំទ្រដោយយោធា ដែលចាប់ផ្តើមនៅដើមឆ្នាំ ២០២៥ បានធ្វើឱ្យឧស្សាហកម្មប្រេងដូងទូទាំងប្រទេសឥណ្ឌូនេស៊ីមានការភ្ញាក់ផ្អើល ខណៈដែលអ្នកវិភាគព្យាករណ៍ថា ការរឹបអូសដីដាំដុះដូងប្រេងនេះ អាចនឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើតម្លៃសកល ពិសេសរំខានដល់ខ្សែសង្វាក់ផលិតកម្ម ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេបំផុតរបស់ពិភពលោក មានចម្ការប្រេងដូងសរុបទំហំ ១៦,៨ លានហិកតា និងបានកើបប្រាក់ចំណូលពីការនាំចេញប្រេងដូងឆៅ និងប្រេងដូងកែច្នៃចំនួន ២០.២ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹម ១០ខែដំបូងនៃឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា ដល់ខែតុលា កើនឡើង ២៥.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
ប្រភព ៖ The Straits Times

Leave a Reply