ការ៉ាកាស់ ៖ រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡា លោក Freddy Nanez កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហាររបស់អាមេរិកលើប្រជាជាតិអាមេរិកខាងត្បូងមួយនេះ កាលពីដើមខែថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។
ការថ្លែងបែបនេះរបស់លោក Nanez ធ្វើឡើងក្នុងអំឡុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិមួយ ខណៈដែលរដ្ឋមន្រ្តីព័ត៌មានវេណេស៊ុយអេឡារូបនេះ បានគូសបញ្ជាក់ពីទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់សហគមន៍វប្បធម៌អន្តរជាតិ នៅចំពោះមុខការកើនឡើងអំពើហិង្សា និងការចុះខ្សោយច្បាប់អន្តរជាតិ ។
បើតាមការលើកឡើងរបស់លោក Nanez, អរិភាពបានកើនឡើងចាប់តាំងពីឆ្នាំ ២០១៩ ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម ប្រតិបត្តិការសម្ងាត់ និងការរឹបអូសទ្រព្យសម្បត្តិខុសច្បាប់របស់វេណេស៊ុយអេឡាជាដើម ប៉ុន្តែប្រជាជាតិអាមេរិកខាងត្បូងរបស់លោកមួយនេះ នឹងមិនចុះចាញ់ឡើយ ។
សូមរម្លឹកថា សហរដ្ឋអាមេរិកបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីការ៉ាកាស ទាំងកណ្តាលអាធា្រត្រ ហើយថែមទាំងបានចាប់ពង្រាត់លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ ទាំងដែលកំពុងគេងលង់លក់ ។
ប្រតិបត្តិយោធានេះ ធ្វើឡើងដោយយោងតាមការចោទប្រកាន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា មេដឹកនាំវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ជាមេខ្លោងគ្រឿងញៀន ដែលបើកដៃឱ្យមានការជួញដូរគ្រឿងញៀន និងក្រុមភេរវកម្មចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ៕
ប្រភព ៖ ស៊ីនហួរ និងរ៉យទ័រ

Leave a Reply