ស៊ុយអែតវិនិយោគ ១.៦ ពាន់លានដុល្លារ ពង្រឹងប្រព័ន្ធការពារដែនអាកាសទប់ទល់រុស្ស៊ី

ស្តុកខុល ៖ ស៊ុយអែតមានផែនការចំណាយលុយដល់ទៅ ១.៦ពាន់លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធមីស៊ីលការពារដែនអាកាស ក្នុងគោលបំណងចម្បងការពារអាយុជីវិតជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ពិសេសទប់ទល់ឥទ្ធិពលរុស្ស៊ី នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលស៊ុយអែត កាលពីថ្ងៃអាទិត្យ ។

ពាក់ព័ន្ធនឹងការចំណាយលុយពង្រឹងប្រព័ន្ធការពារដែនអកាស រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson និយាយថា បទពិសោធន៍ទទួលបានពីសង្គ្រាមនៅអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃការការពារ និងពង្រឹងដែនអាកាសឱ្យកាន់តែរឹងមាំ និងមានភាពធន់ ។

បើតាមប្រមុខការពារជាតិស៊ុយអែតរូបនេះ, ប្រទេសរបស់លោកនឹងបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយជិតជាច្រើន ដើម្បីការពារទីក្រុងនានា ស្ពាន រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀត ។

ការសម្រេចចិត្តបែបនេះរបស់ស៊ុយអែត ធ្វើឡើងដូចគ្នានឹងបណ្តាប្រទេសអឺរ៉ុបដទៃទៀតដែរ ដែលបាននាំគ្នាជះលុយយ៉ាងច្រើនសម្បើមលើវិស័យការពារជាតិ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២២ ។

ជាពិសេស ទឹកដីដ៏ធំទូលាយរបស់ស៊ុយអែត នៅតែងាយរងគ្រោះដោយការគំរាមកំហែងតាមផ្លូវអាកាស រួមមានការវាយប្រហារពីយន្តហោះចម្បាំងទំនើបៗ និងមីស៊ីលល្បឿនលឿនជាងសំលេងជាដើម ៕

ប្រភព ៖ The Straits Times