ឡុងដ៍ ៖ កងទ័ពអង់គ្លេសត្រូវតែមានការធានាសុខសុវត្ថិភាពជាមុន ទើបរដ្ឋាភិបាលទីក្រុងឡុងដ៍សម្រេចចិត្តបញ្ជូនទៅការពារដល់ប្រទេសអ៊ុយក្រែន ។ នេះបើតាមការអះអាងរបស់លោក Richard Knighton ប្រមុខអគ្គសេនាធិការចម្រុះរបស់អង់គ្លេស ។
ថ្លែងប្រាប់សារព័ត៌មាន Sky News កាលពីថ្ងៃចន្ទ, លោក Knighton និយាយថា បើទោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបិទបញ្ចប់ក៏ដោយ ក៏អង់គ្លេសនឹងមិនដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែននោះដែរ ដរាបណាសុខសុវត្ថិភាពរបស់ពួកគេមិនត្រូវបានធានាទេនោះ ។
ការអះអាងរបស់ប្រមុខអគ្គសេនាធិការចម្រុះរបស់អង់គ្លេសវ័យ ៥៧ ឆ្នាំរូបនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាមកពីគណបក្សអភិរក្សនិយមដែលបានសួរនាំទាក់ទងនឹងការធានាសុខសុវត្ថិភាពសម្រាប់កងទ័ពអង់គ្លេសដែលអាចនឹងបញ្ជូនទៅប្រទេសអ៊ុយក្រែន ។
លោក Knighton បញ្ជាក់ថា ទោះបីជាមានទំនុកចិត្ត ក្នុងការធានាសុវត្ថិភាពត្រឹមត្រូវ សម្រាប់បុគ្គលិកយោធារបស់អង់គ្លេស ក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ប៉ុន្តែនៅរាល់ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនក៏ត្រូវធានាសុខសុវត្ថិភាពដូចគ្នា ។
ឆ្លើយតបនឹងរឿងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា រាល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី នឹងបង្កការគំរាមកំហែងដ៏មានសក្តានុពលដល់សន្តិសុខរបស់ប្រទេសរុស្ស៊ី ។
លោកថា រាល់ការសម្លុតគំរាមទាំងនេះ រុស្ស៊ីក៏មានសិទ្ធិការពារដែនអធិបតេយ្យភាពរបស់ខ្លួនផងដែរ ៕
ប្រភពពី Tass

Leave a Reply