ប៉េកាំង ៖ ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកជាប្រទេសនាំចេញមនុស្សយន្តច្រើនជាងគេបំផុតនៅលើពិភពលោកកាលពីឆ្នាំ ២០២៥ ដោយក្នុងនោះក្រុមហ៊ុនចិននាំចេញមនុស្សយន្តរហូតដល់ ១ ម៉ឺន ៣ ពាន់គ្រឿង ។
បើតាម CNBC, ចំនួននេះធ្វើឲ្យក្រុមហ៊ុនចិនផ្ដួលគូប្រជែងរបស់ខ្លួនដែលមានដូចជាក្រុមហ៊ុន Tesla និង Figure AI ដែលនាំចេញមនុស្សយន្តត្រឹម ១ ម៉ឺនគ្រឿងប៉ុណ្ណោះ ។
ក្រុមហ៊ុនស្រាវជ្រាវ Omdia និយាយថា គ្រាន់តែក្រុមហ៊ុនបច្ចេកវិទ្យា Shanghai AgiBot ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីនៅប្រទេសចិន បាននាំចេញមនុស្សយន្តប្រមាណ ៥,១៦៨ គ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Unitree និងក្រុមហ៊ុន UBTECH ។
ជាមួយគ្នានេះ ក្រុមហ៊ុន Omdia រំពឹងថា ការនាំចេញមនុស្សយន្តសកលនឹងឈានដល់ចំនួន ២ លាន ៦ សែនគ្រឿងនៅឆ្នាំ ២០៣៥ ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យា AI ដែលជួយធ្វើឱ្យមនុស្សយន្តកាន់តែឆ្លាតវៃ និងអាចដំណើរការបានទៅតាមវិស័យសំខាន់ៗចំនួន រួមមានឧស្សាហកម្ម សេវាកម្ម និងធ្វើកិច្ចការផ្ទះជាដើម
ចំណែកមូលហេតុដែលតម្រូវការមនុស្សយន្តចិនមានច្រើនជាងអាមេរិកនោះ គឺដោយសារតែមនុស្សយន្តចិនមានលក្ខណៈដូចទៅនឹងមនុស្សធម្មតា មិនថា រូបរាង និងការធ្វើចលនានោះទេ ជាពិសេសការរួមបញ្ចូលបច្ចេក AI ជាមួយនឹងបន្ទះឈីបកម្រិតខ្ពស់ ។
តាមរយៈទិន្នន័យនេះ ចិននឹងក្លាយជាទីផ្សារមនុស្សយន្តដ៏សំខាន់បំផុតរបស់ពិភពលោកនាពេលអនាគត ខណៈក្រុមហ៊ុនមនុស្សយន្តចិនព្យាករថា ទីផ្សារមនុស្សយន្តនឹងមានទឹកប្រាក់សរុបចំនួន ៩ ទ្រីលានដុល្លារនៅឆ្នាំ ២០៥០ ក្នុងនោះចិនរ៉ាប់រងច្រើនជាង ៦០ ភាគរយនៃតួលេខនេះ ។
បើតាមសារព័ត៌មាន South China Morning Post, គិតមកទល់ពេលនេះ ប្រទេសចិនមានក្រុមហ៊ុនផលិតមនុស្សយន្តដែលបានចុះបញ្ជី ច្រើនជាង ១៥០ ក្រុមហ៊ុន ៕
ប្រភព ៖ VNExpress CNBC និង South China Morning Post

Leave a Reply