[UPDATE] ការរញ្ជួយដី កម្រិត ៥,១រ៉ិចទ័រ វាយប្រហារខេត្ត Kon Tum ប្រទេសវៀតណាម

ការរញ្ជួយដីខ្លាំងកម្រិត ៥,១រ៉ិចទ័របានវាយប្រហារក្នុងចម្ងាយ ៥៤គីឡូម៉ែត្រ ពីទីក្រុង កុនទុម (Kon Tum) ខេត្ត កុនទុម (Kon Tum) ប្រទេសវៀតណាម នៅព្រឹកថ្ងៃអាទិត្យ (២៨ កក្កដា) នេះ វេលាម៉ោង ១១:៣៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ រញ្ជួយដីនេះមានជម្រៅរាក់ខ្លាំងត្រឹមតែ ៤,៥ គីឡូម៉ែត្រប៉ុណ្ណោះ ហើយត្រូវបានគេមានអារម្មណ៍ដឹងនៅលើតំបន់ដ៏ធំមួយ។

ជម្រៅដ៏រាក់នៃរញ្ជួយនេះ បណ្តាលឱ្យគេមានអារម្មណ៍ដឹងពីរញ្ជួយខ្លាំងនៅជិតចំណុចកណ្តាល ជាងការរញ្ជួយជ្រៅនៃរ៉ិចទ័រស្រដៀងគ្នា។ គ្រោះធម្មជាតិនេះនឹងមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ ក្រៅពីមានវត្ថុលធ្លាក់ពីលើធ្នើរ ឬបង្អួចបែកបាក់បន្តិចបន្តួចប៉ុណ្ណោះ។

នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់ប្រទេសថៃ បានរាយការណ៍ថា ការរញ្ជួយនៅវៀតណាម ក៏ត្រូវបានគេមានអារម្មណ៍ដឹងនៅក្នុងខេត្តភាគឦសានចំនួនពីរគឺ អ៊ូប៊ុន រ៉ាចាថាន (Ubon Ratchathani) និង សាខនណាក់ខន (Sakon Nakhon) នៅថ្ងៃអាទិត្យ។ រញ្ជួយដីដែលអាចមានកម្រិតចាប់ពី ៤ ទៅលើសពី ៥រ៉ិចទ័រនេះក៏ត្រូវបានគេរាយការណ៍ថាមានអារម្មណ៍ដឹងនៅឡាវ និងកម្ពុជាផងដែរ។

មជ្ឈមណ្ឌលព័ត៌មានរញ្ជួយដី និងរលកយក្សស៊ូណាមិរបស់វៀតណាម ក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការរញ្ជួយនៅក្នុងខេត្តនេះ៕