មេធំ UN គំរាមបញ្ជូន អ៊ីស្រាអែល ទៅតុលាការ ICJ បើមិនដកច្បាប់គាបសង្កត់ទីភ្នាក់ងារ UNRWA

ញូវយ៉ក ៖ ប្រមុខអង្គការសហប្រជាជាតិបានគំរាមបញ្ជូនប្រទេសអ៊ីស្រាអែលទៅដាក់ទោសនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ បើសិនទីក្រុងហ្សេរុយសាឡឹម រឹងទទឹងមិនព្រមលុបចោលច្បាប់គាបសង្កត់លើទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNRWA ទេនោះ ។

បើតាមសារព័ត៌មាន Al Jazeera, តាមរយៈលិខិតចុះថ្ងៃទី៨ ខែមករា ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានគំរាមថា ស្ថាប័នពិភពលោកមួយនេះ មិនអាចព្រងើយកន្តើយចំពោះសកម្មភាពធ្វើឡើងដោយអ៊ីស្រាអែល ដែលជាការរំលោភបំពានដោយផ្ទាល់ទៅលើកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្រោមច្បាប់អន្តរជាតិបាននោះទេ ។ លោកថា ច្បាប់ទាំងនោះ ត្រូវតែកែប្រែឡើវិញដោយមិនអាចបង្អង់យូរបានឡើយ ។

ប្រមុខ UN វ័យ ៧៧ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា ទីភ្នាក់ងារ UNRWA គឺជាផ្នែកសំខាន់មួយរបស់អង្គការសហប្រជាជាតិ ដូច្នេះអ៊ីស្រាអែលនៅតែមានកាតព្វកិច្ចផ្តល់សិទ្ធិ និងអភ័យឯកសិទ្ធិដល់បុគ្គលិក និងទីភ្នាក់ងារនេះ ស្របតាមអនុសញ្ញាឆ្នាំ ១៩៤៦ ស្តីពីសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ ។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីសភាអ៊ីស្រាអែលបានអនុម័តច្បាប់មួយក្នុងខែតុលា ឆ្នាំ២០២៤ ដោយហាមប្រាមទីភ្នាក់ងារ UNRWA មិនឲ្យធ្វើប្រតិបត្តិការក្នុងប្រទេសអ៊ីស្រាអែល និងហាមឃាត់មន្ត្រីអ៊ីស្រាអែលមិនឲ្យមានទំនាក់ទំនងជាមួយទីភ្នាក់ងារនេះ ។

យ៉ាងណា សភាអ៊ីស្រាអែលនៅបានធ្វើវិសោធនកម្មច្បាប់កាលពីខែមុន ដើម្បីហាមប្រាមលើការផ្ដល់អគ្គិសនី ឬទឹកទៅកាន់ទីតាំងនានារបស់ទីភ្នាក់ងារ UNRWA ។ បន្ថែមពីលើនេះ អាជ្ញាធរអ៊ីស្រាអែលក៏បានរឹបអូសការិយាល័យនៅទីក្រុង East Jerusalem ដែលកាន់កាប់ដោយទីភ្នាក់ងារ UNRWA ផងដែរ ។

ជាមួយគ្នានេះ អ៊ីស្រាអែលថែមទាំងចោទប្រកាន់បុគ្គលិកជាច្រើនរបស់ទីភ្នាក់ងារនេះទៀតថា បានចូលរួមការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ផងដែរ ។

ការវាយប្រហារនោះបានសម្លាប់មនុស្សជិត ១ ពាន់ ២០០ នាក់ និងប្រហែល ២៤០ នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង ។

បើតាមអាជ្ញាធរសុខាភិបាលលក្នុងតំបន់ហ្គាហ្សា, ជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ យោធាអ៊ីស្រាអែលបានបំផ្ទុះសង្រ្គាមប្រល័យពូជសាសន៍យ៉ាងសាហាវឃោឃៅប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ៧ ម៉ឺន ១ ពាន់នាក់ ៕

ប្រភព ៖ Al Jazeera