ឆ្នាំមុន អ៊ុយក្រែន ពង្រាយប្រព័ន្ធការពារដែនអាកាស ២៣គ្រឿង និងមីស៊ីលជាង ១ ម៉ឺនគ្រាប់ ទប់ទល់ រុស្ស៊ី

កៀវ ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក ដេនីស៍ ស្មីហាល់ បាននិយាយនៅថ្ងៃអង្គារថា អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងមធ្យមចំនួន ២៣គ្រឿង និងគ្រាប់មីស៊ីលចំនួន ១១,០០០គ្រាប់ សម្រាប់ប្រព័ន្ធទាំងនោះកាលពីឆ្នាំ ២០២៥ ដែលនេះជាកំណត់ត្រាថ្មី ដើម្បីទប់ទល់ការវាយប្រហារពីរុស្ស៊ី ។

បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន អ៊ីនធឺហ្វ៊េក, លោករដ្ឋមន្រ្តី ស្មីហាល់ ចាត់ទុកការទទួលបានឧបករណ៍យោធានេះ ជាការផ្គត់ផ្គង់ដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសការការពារដែនអាកាសរបស់អ៊ុយក្រែន ត្រូវបានពង្រឹងជាមួយនឹងប្រព័ន្ធប៉ាទ្រីយ៉ូតដល់ទៅ ៤គ្រឿង ។

ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះបន្ថែមថា កិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៥ ក្នុងគោលបំណងធានាដល់ដំណើរការដឹកជញ្ជូនយន្តហោះចម្បាំង គ្រីបភែន របស់ស៊ុយអែត និងយន្តហោះចម្បាំង រ៉ាហ្វាល់ របស់បារាំងមកកាន់ប្រទេសអ៊ុយក្រែន ។

លោក ស្មីហាល់ ដែលមានវ័យ៥១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្រៅពីទទួលបានសព្វាវុធ អ៊ុយក្រែនក៏បានទទួលជំនួយសន្តិសុខចំនួន ៤៥ពាន់លានដុល្លារ ពីដៃគូអន្តរជាតិក្នុងឆ្នាំ ២០២៥ ផងដែរ តួលេខនេះកើនឡើងចំនួន ៣០ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ។

ប្រភព ៖ The Straits Times