អ៊ីរ៉ង់ចោទចារកម្មបរទេសនៅពីក្រោយចលនាបាតុកម្មដ៏ហិង្សា

តេហេរ៉ង់ ៖ អាជ្ញាធរទីក្រុងតេហេរ៉ង់បានចោទប្រកាន់ចំៗថា ចារកម្មបរទេស គឺជាអ្នកនៅពីក្រោយខ្នង និងជាប់ពាក់ព័ន្ធការញុះញង់ឱ្យមានចលនាបាតុកម្មដ៏បង្ហូរឈាមនៅទូទាំងប្រទេសអ៊ីរ៉ង់ ។

ពាក់ព័ន្ធបញ្ហានេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្កៀន កាលពីថ្ងៃចន្ទ បានប្រាប់ទូរទស្សន៍រដ្ឋ IRIB ថា មនុស្សតែមួយដែលបានវាយប្រហារអ៊ីរ៉ង់ អំឡុងសង្រ្គាមរយៈពេល ១២ថ្ងៃរបស់អ៊ីស្រាអែល កាលពីខែមិថុនាឆ្នាំមុន ឥឡូវពួកគេព្យាយាមបង្កើនភាពចលាចល និងញុះញង់ទាំងនេះ ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច ។

លោកប្រធានាធិបតី ប៉េហ្សេស្កៀន បន្ថែមថា ពួកគេបានបណ្តុះបណ្តាលមនុស្សមួយចំនួននៅក្នុងប្រទេស និងក្រៅប្រទេស ហើយពួកគេបាននាំយកក្រុមភេរវកម្មពីខាងក្រៅ អ្នកដែលបានវាយប្រហារផ្សារមួយកន្លែងនៅភាគខាងជើងទីក្រុង Rasht និងអ្នកដែលបានដុតបំផ្លាញវិហារអ៊ីស្លាម ដើម្បីបង្កភាពចលាចលនៅអ៊ីរ៉ង់ ។

ការចោទប្រកាន់របស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ដល់ក្រុមបាតុករនៅទូទាំងប្រទេសអ៊ីរ៉ង់ កុំឲ្យដកដៃធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលប្រទេសឥស្លាមមួយនេះឲ្យសោះ ព្រោះថា អាមេរិកជិតទៅជួយពួកគេហើយ ៕

ប្រភព ៖ al Jazeera