វ៉ាស៊ីនតោន ៖ កងទ័ពមួយចំនួនត្រូវបានណែនាំឱ្យចាកចេញពីមូលដ្ឋានទ័ពអាកាស Al Udeid របស់យោធាអាមេរិកនៅក្នុងប្រទេសកាតា កាលពីល្ងាចថ្ងៃពុធ ស្របពេលបាតុកម្មនៅអ៊ីរ៉ង់កាន់តែពុះកញ្ជ្រោល និងអាមេរិកគំរាមលូកដៃចូលអន្តរាគមន៍ ។ នេះបើតាមកាសែតរ៉យទ័រដកស្រង់សម្តីអ្នកការទូតមិនបញ្ចេញឈ្មោះចំនួនបីនាក់ ។
របាយការណ៍នេះកើតឡើងចំពេលមានការព្រមានពីអាមេរិកថា ខ្លួនអាចធ្វើអន្តរាគមន៍ក្នុងការតវ៉ាដ៏បង្ហូរឈាម ដែលកំពុងកើតឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ក៏បានព្រមានប្រទេសក្នុងតំបន់ដែរថា ខ្លួននឹងវាយប្រហារមូលដ្ឋានយោធាអាមេរិក ក្នុងករណីមានការវាយប្រហារពីទីក្រុងវ៉ាស៊ីនតោន ។
ជុំវិញបញ្ហានេះ ប្រទេសកាតាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ តាមរយៈការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់ខ្លួនថា វិធានការទាំងនេះ កំពុងត្រូវបានអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងក្នុងតំបន់បច្ចុប្បន្ន ។
បើតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយដដែល រដ្ឋកាតានឹងអនុវត្តវិធានការចាំបាច់ទាំងអស់ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយចាត់ទុកប្រជាជនខ្លួនជាអាទិភាពកំពូល រួមទាំងសកម្មភាពទាក់ទងនឹងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទីតាំងយោធា ។
ភ្លាមៗ មិនមានការអត្ថាធិប្បាយរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងដូហាទេ ។ Al Udeid គឺជាមូលដ្ឋានទ័ពអាមេរិកធំជាងគេនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាទីតាំងឈរជើងរបស់ទាហានអាមេរិកប្រមាណ ១០,០០០នាក់ ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ កាលពីឆ្នាំ២០២៥ ពោលគឺជាងមួយសប្តាហ៍មុនពេលអាមេរិកបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ បុគ្គលិក និងក្រុមគ្រួសារមួយចំនួនរបស់ពួកគេ ក៏ត្រូវបានផ្លាស់ចេញពីមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ាដូចគ្នាផងដែរ ។ តួយ៉ាង បន្ទាប់ពីការវាយប្រហាររបស់អាមេរិក នៅក្នុងខែមិថុនាឆ្នាំមុន អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកនៅកាតាវិញភ្លាមៗ ៕
ប្រភព ៖ al Jazeera

Leave a Reply