វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់ចំៗថា អ្នកដែលកំពុងអូសបន្លាយពេលកិច្ចព្រមព្រៀងសន្តិភាពគឺជា អ៊ុយក្រែន មិនមែនរុស្ស៊ីនោះទេ ។
ការចោទប្រកាន់របស់លោក ត្រាំ គឺផ្ទុយស្រឡះពីសម្ព័ន្ធមិត្តអឺរ៉ុប ដែលតែងតែអះអាងថា រុស្ស៊ីទៅវិញទេ ដែលមិនចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅការិយាល័យពងក្រពើកាលពីថ្ងៃពុធ, លោក ត្រាំ និយាយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីបិទបញ្ចប់ទំព័រសង្គ្រាមនៅអ៊ុយក្រែន ដែលអូសបន្លាយពេលជិត ៤ ឆ្នាំមកនេះ ។
លោកថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅវិញទេ ដែលមានភាពស្ទាក់ស្ទើរក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមដ៏រុំារ៉ៃមួយនេះ ។
លោក ត្រាំ បញ្ជាក់ថា បញ្ហាគ្រប់យ៉ាងដែលនាំឲ្យកិច្ចចរចាក្នុងការបញ្ចប់ជម្លោះទឹកដីដ៏ធំបំផុតរបស់អឺរ៉ុប ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនទាន់អាចដោះស្រាយបាននោះ គឺដោយសារតែលោក Zelensky ។
ការអត្ថាធិប្បាយរបស់លោក Trump បានបង្ហាញពីការខកចិត្តជាថ្មីជាមួយលោក Zelensky ខណៈដែលប្រធានាធិបតីទាំងពីរមិនសូវមានទំនាក់ទំនងសូវស្ថិតស្ថេរជាមួយគ្នាជាយូរមកហើយ ។
កាលពីខែធ្នូ ឆ្នាំមុន របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក បានបន្តព្រមានថា លោកប្រធានាធិបតី Putin មិនបានបោះបង់ចោលគោលបំណងរបស់គាត់ ក្នុងការវាយដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូលនោះទេ ជាពិសេសរុស្ស៊ីក៏នឹងទាមទារយកផ្នែកខ្លះនៃទ្វីបអឺរ៉ុប ដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតសហភាពសូវៀតផងដែរ ៕
ប្រភព ៖ The straits times

Leave a Reply