អាមេរិក លក់តំណក់ប្រេង វ៉េណេស៊ុយអេឡា លើកដំបូង តម្លៃ ៥០០ លានដុល្លារ

ការ៉ាកាស ៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមលក់តំណក់ប្រេងរបស់វេណេស៊ុយអេឡាលើកដំបូង ដែលមានតម្លៃ ៥០០លានដុល្លារ ។ នេះបើតាមមន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងចុះផ្សាយដោយ CNN កាលពីថ្ងៃពុធ ។

មន្ត្រីដដែលបញ្ជាក់ថា ការលក់ប្រេងបន្ថែមទៀត ងនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ ។

បើតាម Reuters, ប្រេងឆៅរបស់វេណេស៊ុយអេឡាកំពុងត្រូវបានផ្តល់ជូន ក្នុងការបញ្ចុះតម្លៃជាពិសេស ដល់ពាណិជ្ជករ បើធៀបទៅនឹងប្រេង ដែលប្រកួតប្រជែង ពីប្រទេសផ្សេងទៀត ដូចជា កាណាដា ជាដើម ។

នៅប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro កាលពីថ្ងៃទី៣ ខែមករាមក, លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកមានគម្រោងទាញយកប្រេងបម្រុងដ៏ធំ របស់ប្រទេសមួយនេះ ។

លោក ត្រាំ អះអាងទៀតថា ឧស្សាហកម្មប្រេងរបស់អាមេរិកនឹងបោះទុនវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ១០០ ពាន់លានដុល្លារ ដើម្បីស្ដារឡើងវិញនូវវិស័យថាមពលដែលខូចខាងតរបស់វ៉េណេស៊ុយអេឡា ។

យ៉ាងណា ផែនការទាញយកប្រយោជន៍ពីប្រេងរបស់វេណេស៊ុយអេឡា បានលេចចេញនូវការសង្ស័យ ពីសំណាក់បណ្តានាយកប្រតិបត្តិ ក្រុមហ៊ុនថាមពលអាមេរិក អំឡុងកិច្ចប្រជុំ នៅសេតវិមាន កាលពីសប្តាហ៍មុន ។

នាយកប្រតិបត្តិក្រុមហ៊ុនប្រេង និងឧស្ម័ន ExxonMobil, លោក Darren Woods បានប្រាប់មន្ត្រីរដ្ឋបាល អំពីឧបសគ្គ ក្នុងការធ្វើអាជីវកម្ម នៅវេណេស៊ុយអេឡា ដោយបារម្ភពីក្របខណ្ឌច្បាប់ និងលក្ខខណ្ឌពាណិជ្ជកម្មផ្សេងៗ ។

ជាមួយគ្នានេះ នាយកប្រតិបត្តិ មួយចំនួនទៀត ក៏បានសម្តែងការស្ទាក់ស្ទើរ ក្នុងការធ្វើអាជីវកម្ម នៅក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីន ដែលកំពុងមានបញ្ហាមួយនេះផងដែរ ៕

ប្រភពពី CNN