លោក Putin ព្រមានសហរដ្ឋអាមេរិក អំពីវិបត្តិមីស៊ីលបែបសង្គ្រាមត្រជាក់

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃអាទិត្យ (២៨ កក្កដា) បានព្រមានសហរដ្ឋអាមេរិកថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ នោះរុស្ស៊ីនឹងដាក់មីស៊ីលស្រដៀងគ្នានេះក្នុងរយៈចម្ងាយវាយប្រហារដល់លោកខាងលិច ហើយនោះអាចបង្កើតជាវិបត្តិមីស៊ីលដ៏តានតឹងជាថ្មី។

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដាថា ខ្លួននឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ ដើម្បីរៀបចំសម្រាប់ការដាក់ពង្រាយរយៈពេលវែងដែលនឹងរួមបញ្ចូលមីស៊ីលស្ដង់ដារ-៦ (SM-6) មីស៊ីលតម្រង់គោលដៅ ថូម៉ាហក (Tomahawk) និងសព្វាវុធល្បឿនលឿនជាងសំឡេង។

នៅក្នុងសុន្ទរកថាទៅកាន់ក្រុមនាវិកមកពីរុស្ស៊ី ចិន អាល់ហ្សេរី និងឥណ្ឌា ដើម្បីប្រារព្ធទិវាកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុង សេន ភីតធើស្បើក (St Petersburg) លោក ពូទីន បានព្រមានសហរដ្ឋអាមេរិកថា ខ្លួនកំពុងប្រថុយនឹងការបង្កឱ្យមានវិបត្តិមីស៊ីលបែបសង្គ្រាមត្រជាក់ជាមួយនឹងជំហានមួយនោះ។

លោក ពូទីន បានបញ្ជាក់ឡើងវិញពីការព្រមានមុននោះថា រុស្ស៊ីអាចបន្តការផលិតមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយមធ្យម និងខ្លី ហើយបន្ទាប់មកពិចារណាទីតាំងដែលត្រូវដាក់ពង្រាយ ក្រោយពីអាមេរិកបាននាំយកមីស៊ីលស្រដៀងគ្នានេះទៅកាន់អឺរ៉ុប និងអាស៊ី៕