ការវាយប្រហារដោយគ្រាប់រ៉ូកែត ធ្វើឱ្យអ៊ីស្រាអែល-ហេសបូឡា ជិតឈានទៅរកសង្គ្រាមពេញបន្ទុក

រដ្ឋមន្ត្រីការពារជាតិអីស្រាអែលកាលពីថ្ងៃអាទិត្យ បានស្ដីបន្ទោសក្រុមហេសបូឡានៅលីបង់គាំទ្រដោយអ៊ីរ៉ង់សម្រាប់ការវាយប្រហារដោយគ្រាប់រ៉ូកែត ដែលបានសម្លាប់កុមារ និងយុវជន អ៊ីស្រាអែល១២នាក់ក្នុងតំបន់ខ្ពង់រាបហ្គូឡង់ (Golan Heights) កាលពីថ្ងៃសៅរ៍ទី២៧កក្កដា។

នៅពេលព្រឹកបន្ទាប់ពីគ្រាប់រ៉ូកែតមួយបានធ្លាក់លើទីលានបាល់ទាត់នៅតំបន់ខ្ពង់រាបហ្គូឡង់ ដែលកាន់កាប់ដោយអ៊ីស្រាអែល បណ្ដាលឲ្យមនុស្ស១២នាក់បានស្លាប់ ដោយក្រុមអាជ្ញាធរសាកលវិទ្យាល័យបានប្រកាសថាបុគ្គលិកទាំងអស់ដែលធ្វើការហួសពីជាន់ទី ៥ ក្នុងអគារកម្ពស់ ៣០ ជាន់គួរតែធ្វើការពីផ្ទះ។ ការភ័យខ្លាចកាន់តែខ្លាំងនាំឲ្យអ្នករស់នៅនិងធ្វើការនៅតំបន់នេះ លើកឡើងថា ពួកគេស្ថិតនៅក្នុងជួរនៃការបាញ់ប្រហារពីក្រុមសកម្មប្រយុទ្ធ ហេសបូឡា របស់ប្រទេសលីបង់។ សាកលវិទ្យាល័យ Haifa ស្ថិតនៅចម្ងាយតិចជាង៥០គីឡូម៉ែត្រពីព្រំដែនរបស់អីស្រាអែលជាប់ជាមួយលីបង់។

ការបាញ់ឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ៨ ខែតុលា នៅពេលដែលក្រុម ហេសបូឡា បានបាញ់រ៉ូកែត និងគ្រាប់ផ្លោងទៅលើទីតាំងអ៊ីស្រាអែល ជាការបង្ហាញសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា។ ក្រុមទាំងពីរអំពាវនាវឱ្យមានការបំផ្លាញរដ្ឋអ៊ីស្រាអែល។

ការវាយប្រហារជាញឹកញាប់ដោយក្រុមហេសបូឡាបានវាយប្រហារភាគខាងជើងអ៊ីស្រាអែល និងតំបន់ ខ្ពង់រាបហ្គូឡង់ ដែលអ៊ីស្រាអែលដណ្តើមបានពីប្រទេសស៊ីរីក្នុងអំឡុងសង្រ្គាមឆ្នាំ ១៩៦៧ និងបានបញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ ១៩៨១ ។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងមីស៊ីលទៅកាន់ភាគខាងត្បូងប្រទេសលីបង់ និងហួសពីនេះ រួមទាំងការវាយប្រហារទាំងយប់ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់កែតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនផងដែរ។

ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកចាប់តាំងពីខែតុលាមក បានសម្លាប់មនុស្សជាង ៤៥០ នាក់នៅក្នុងប្រទេសលីបង់ ប្រហែល ១០០នាក់ជាជនស៊ីវិល ខណៈអ៊ីស្រាអែលនិយាយថា ជនស៊ីវិល២៣ នាក់ និងទាហាន ១៧នាក់របស់ខ្លួនត្រូវបានសម្លាប់៕