តេហេរ៉ង់ ៖ កូនប្រុសរបស់ប្រធានាធិបតីអ៊ីរ៉ង់ ដែលក៏ជាទីប្រឹក្សារដ្ឋាភិបាលផងដែរនោះ បានអំពាវនាវ ឲ្យភ្ជាប់អ៊ីនធឺណិតឡើងវិញ ដោយព្រមានថា ការដាច់ ជាងពីរសប្តាហ៍ នៅទីនោះ នឹងធ្វើឱ្យអារម្មណ៍ប្រឆាំងរដ្ឋាភិបាល កាន់តែធ្ងន់ធ្ងរ។
កាលពីថ្ងៃសៅរ៍ លោក Yousef Pezeshkian ដែលឪពុករបស់ខ្លួន បានជាប់ឆ្នោតជាប្រធានាធិបតី ក្នុងឆ្នាំ២០២៤ បាននិយាយថា «ការបិទអ៊ីនធឺណិត នឹងបង្កើតការមិនពេញចិត្ត និងពង្រីកគម្លាតរវាងប្រជាជន និង រដ្ឋាភិបាល…នេះមានន័យថា អ្នកដែលមិនមានអ៊ីនធឺណេតប្រើ និង អ្នកមិនពេញចិត្ត នឹងត្រូវបានរួមបញ្ចូលគ្នា ទៅក្នុងក្រុមតែមួយ នៃ អ្នកប្រឆាំងរដ្ឋាភិបាល»។
កូនប្រុស របស់លោក ប្រធានាធិបតី Masoud Pezeshkian រូបនេះ បាននិយាយថា ប្រសិនបើការតភ្ជាប់ មិនត្រូវបានស្តារឡើងវិញទេ ហានិភ័យបែបនេះ គឺធំជាងការវិលត្រឡប់ ទៅរកការតវ៉ា ទៅទៀត។ នេះបើតាមសំណេរ ដែលបង្ហោះ នៅក្នុងបណ្តាញសង្គម Telegram និង ត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA។
ប្រជាជនអ៊ីរ៉ង់ ជាង៩០លាននាក់ ត្រូវបានកាត់ផ្តាច់ យ៉ាងទូលំទូលាយ ចេញពីអ៊ីនធឺណិត ចាប់តាំងពីថ្ងៃទី៨ ខែមករា ចំពេលមានការតវ៉ាដ៏ធំ នៅទូទាំងប្រទេស។ ការបិទអ៊ីនធឺណេត ជាពេលដែលអាជ្ញាធរ បានចាប់ផ្តើម ការបង្រ្កាបដ៏សាហាវ ទៅលើបាតុករ ដោយក្រុមសិទ្ធិមនុស្ស អះអាងថា មនុស្សស្លាប់ជាច្រើនពាន់នាក់។ តែ រដ្ឋាភិបាលអ៊ីរ៉ង់ ពិពណ៌នា ថា ជាកុបកម្ម ដែលញុះញង់ ដោយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល។
លោក Yousef Pezeshkian ដែលជាទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ របស់ប្រធានាធិបតី រូបនេះ ក៏បានចង្អុល បង្ហាញពីការព្រួយបារម្ភ អំពីការចេញផ្សាយវីដេអូ និងរូបភាព ដែលទាក់ទងនឹង ការតវ៉ា កាលពីសប្តាហ៍មុន ប្រែទៅជាហិង្សា ជាហេតុផល នៅពីក្រោយ ដែលអ៊ីនធឺណិត នៅតែត្រូវបានកាត់ផ្តាច់ គ្មានប្រើប្រាស់ រហូតមកដល់ពេលនេះ៕
ប្រភពពី AFP

Leave a Reply