ហាណូយ ៖ នៅប្រទេសវៀតណាម តម្លៃមាសបានឡើងថ្លៃដល់ ៦ពាន់៦៤១ដុល្លារអាមេរិក ក្នុងមួយតម្លឹង គិតត្រឹមថ្ងៃសៅរ៍ ទី២៤ ខែមករា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress។
បើតាមប្រភព, ខណៈដែលអត្រាពិភពលោក បានឈានដល់កម្រិតថ្មីមួយ ចំពេលមានការព្យាករណ៍ថា តម្លៃមាសអន្តរជាតិ នឹងកើនឡើងលើសពី ៦,០០០ដុល្លារ នៅក្នុងប៉ុន្មានខែខាងមុខនេះ, ដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry បានកើនឡើង ១.២២% ពោលគឺឡើងដល់ ១៧៤លាន៣សែនដុង ឬ ៦ពាន់៦៤១.២៨ ដុល្លារអាមេរិក ក្នុងមួយតម្លឹង ដែលជាកំណត់ត្រាថ្មីមួយ។
បើតាមប្រភពដដែល, តម្លៃមាសរបស់វៀតណាម បានកើនឡើង ១៤% ចាប់តាំងពីដើមឆ្នាំមក។ មាសនៅទូទាំងពិភពលោក បានបន្ថែមតម្លៃ ០.៩៦% ដែលជាចំណុចកំពូលថ្មីមួយ ហើយ ធនាគារ Bank of America បានបង្កើនគោលដៅតម្លៃមាស ដល់៦ពាន់ដុល្លារ ក្នុងមួយអោន ជាការកើនតម្លៃដ៏ខ្លាំងក្លាបំផុត នេះបើយោងតាម Kitco News។ មាសមួយតម្លឹង ស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។
លោក Michael Hartnett អ្នកវិភាគ របស់ធនាគារ Bank of America បាននិយាយ នៅក្នុងកំណត់ត្រាមួយ ផ្ញើទៅកាន់អតិថិជន ថា «មាសនៅតែបន្តលេចធ្លោ ជាប្រភពការពារហានិភ័យ»។ លោក បានព្យាករណ៍ថា នៅនិទាឃរដូវ, តម្លៃមាសនឹងកើនឡើង ២០ភាគរយទៀត បើធៀបនឹងតម្លៃ នាពេលបច្ចុប្បន្ននេះ៕
ប្រភពពី VNexpress

Leave a Reply