បេរូត ៖ ក្រសួងសុខាភិបាល ប្រទេសលីបង់ បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល នៅភាគខាងត្បូង កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ចំនួនពីរនាក់។
យ៉ាងណា យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារគោលដៅ លើក្រុមប្រដាប់អាវុធ ហេសបូឡា (Hezbollah)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាល នៃប្រទេសលីបង់ បាននិយាយថា «ការវាយឆ្មក់របស់សត្រូវ អ៊ីស្រាអែល នៅជិតទីក្រុង Khirbet Selm បានសម្លាប់មនុស្សម្នាក់ និងរបួស ៥ នាក់ទៀត»។ ប្រភពបន្តថា «ការវាយប្រហារ ដាច់ដោយឡែកមួយទៀត នៅក្នុងភូមិ Derdghaya បានសម្លាប់មនុស្សម្នាក់ទៀត»។
ប៉ុន្តែ ក្រោយមក កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយលុក ទីតាំងផលិតអាវុធ នៅក្នុងតំបន់ Khirbet Selm ជាកន្លែងដែលខ្លួនបានកំណត់អត្តសញ្ញាណ សកម្មភាពភេរវកម្ម របស់ប្រតិបត្តិករ Hezbollah។
អ៊ីស្រាអែលបានបន្ត ការវាយប្រហារ ជាទៀងទាត់ នៅក្នុងប្រទេសលីបង់ បើទោះបីជាបទឈប់បាញ់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលព្យាយាមបញ្ចប់អរិភាព ជាងមួយឆ្នាំ ជាមួយក្រុម ហេសបូឡា។ ជាធម្មតា អ៊ីស្រាអែល និយាយថា ខ្លួនកំពុងកំណត់គោលដៅ វាយលើសមាជិក នៃ ក្រុមគាំទ្រ ដោយអ៊ីរ៉ង់ ឬ ហេដ្ឋារចនាសម្ព័ន្ធ របស់គេ។
មនុស្ស ជាង៣៥០នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ចាប់តាំងពីមានបទឈប់បាញ់ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល។ ក្រុមប្រដាប់អាវុធ ហេសបូឡា តែងតែ បានបដិសេធ ការអំពាវនាវឱ្យទម្លាក់អាវុធ របស់ខ្លួន៕
ប្រភពពី AFP

Leave a Reply