ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបណ្តេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជា ប្រទេសដើមកំណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ការអនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងប្រទេសទាំងកម្ពុជា និងចិន។
នេះបើតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស ចុះថ្ងៃទី២៦មករា។
អ្នកនាំពាក្យបញ្ជាក់បន្ថែមថា ការដកហូតសញ្ជាតិកម្ពុជាពីលោក ចេន ហ្ស៊ី បានអនុវត្តយ៉ាងហ្មត់ចត់តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ។ ផ្អែកលើច្បាប់កម្ពុជា ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋ ដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើង ប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញថា បានទទួលសញ្ជាតិខ្មែរតាមរយៈការក្លែងបន្លំ ឬដោយការផ្តល់ព័ត៌មានមិនពិត ក្នុងអំឡុងពេលនៃការដាក់ពាក្យស្នើសុំសញ្ជាតិ។
ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ។ ការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះនីតិរដ្ឋ។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា វាគឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុស ដោយគ្មានមូលដ្ឋាននោះឡើយ។
ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជា នៅតែមានភាពរឹងមាំ។ ការបញ្ជូនខ្លួនបុគ្គលនានាក្នុងក្របខ័ណ្ឌច្បាប់ គឺជាដំណើរការផ្លូវការនៃជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ព្រមទាំងបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ម៉ឺងម៉ាត់បែបនេះបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។
កាលពីថ្ងៃទី៧មករា ក្រសួងមហាផ្ទៃប្រកាសថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ខ្លួនមហាសេដ្ឋីវ័យក្មេង ចេន ហ្ស៊ី និងបក្សពួក២នាក់ទៀត ដើម្បីបញ្ជូនទៅប្រទេសចិនវិញ។ អ្នកទាំង៣នេះមានជាប់សង្ស័យក្នុងបទល្មើសជាច្រើនករណី ជាពិសេសការឆបោកអនឡាញ ដែលស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរចិន និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត៕

Leave a Reply