ប្រទេសកម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។
ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្តេចធិបតីគូសបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ គឺមិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា១ពាន់លានដុល្លារអាមេរិកនោះ គឺសម្រាប់តែករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។
ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពត្រូវបានសម្តេចធិបតីបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមនាវីឯក Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក នាវិមានសន្តិភាព នៅថ្ងៃច័ន្ទ ទី ២៦ មករា។ សម្ដេចធិបតីបានសូមថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអញ្ជើញកម្ពុជាឲ្យចូលរួមក្នុងស្ថាប័នថ្មីនេះ។
បើតាមសម្តេចនាយករដ្ឋមន្រ្តី ការសម្រេចចិត្តចូលរួមរបស់កម្ពុជា គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។
អ្នកវិភាគជាច្រើនយល់ស្របគ្នាថា ការសម្រេចចិត្តចូលរួមជាសមាជិកក្នុងក្រុមប្រឹក្សាសន្តិភាពនេះ នឹងផ្តល់ផលចំណេញយ៉ាងធំធេងដល់កម្ពុជា ទាំងផ្នែកនយោបាយ និងឥទ្ធិពលអន្តរជាតិ។
លោក ដូណាល់ ត្រាំ បានអញ្ជើញប្រទេសប្រហែល៦០ចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព»។ រហូតមកដល់ពេលនេះ ក្រៅពីកម្ពុជា មានជាង២៥ប្រទេស បានប្រកាសចូលរួម ក្នុងនោះមានឥណ្ឌូនេស៊ី និងវៀតណាមផងដែរ៕

Leave a Reply