បរទេស ៖ ឥណ្ឌា បានប្រកាស នៅថ្ងៃអង្គារនេះ ថា ខ្លួន និង សហភាពអឺរ៉ុប ទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងគេបង្អស់ នៅក្នុងលោក ចំពេលដែលភាគីទាំងពីរ ស្វែងរកអាវក្រោះ ទប់ទល់នឹងទំនាក់ទំនងមិនប្រក្រតី ជាមួយសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមពន្ធគយ។
បើតាមសារព័ត៌មាន CNA, កិច្ចព្រមព្រៀង ដែលចាយពេលចរចា ជិត២ទស្សវត្សមួយនេះ នឹងត្រួសត្រាយផ្លូវ សម្រាប់ឥណ្ឌា ជាប្រទេសដែលមានប្រជាជនច្រើនជាងគេ លើលោក ក្នុងការបើកទីផ្សារដ៏ធំ តាមរយៈការធ្វើពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប ដែលមានចំនួន ២៧ប្រទេស។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយ នៅថ្ងៃទី២៧ ខែមករានេះ ថា «មនុស្សជុំវិញពិភពលោក ចាត់ទុកថា កិច្ចព្រមព្រៀងថ្មីនេះ ជាមាតា នៃ កិច្ចព្រមព្រៀងទាំងអស់ ដែលនឹងនាំមកនូវ ឱកាសសំខាន់ៗ សម្រាប់ប្រជាជនឥណ្ឌា ចំនួន ១.៤ ពាន់លាននាក់ និង ប្រជាជន រាប់លាននាក់ នៅអឺរ៉ុប»។
លោក Modi និង ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នឹងត្រូវប្រកាសរួមគ្នា អំឡុងកិច្ចប្រជុំកំពូល ឥណ្ឌា-អឺរ៉ុប នៅក្នុងទីក្រុង New Delhi រួមជាមួយនឹងការប្រកាស អំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង នៅយប់ថ្ងៃអង្គារ។
កិច្ចព្រមព្រៀងនេះ បានកើតមានឡើង ចំពេលដែលឥណ្ឌា និងអឺរ៉ុប ល្អក់កករពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ។
នៅប៉ុន្មានថ្ងៃមុននេះ អឺរ៉ុបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ជាមួយប្លុកអាមេរិកខាងត្បូង។ រីឯ ទីក្រុង ញូវ ដែលី សម្រេចបានកិច្ចព្រមព្រៀង ជាមួយចក្រភពអង់គ្លេស នូវែលសេឡង់ និង អូម៉ង់ បន្ទាប់ពីកុងត្រាពាណិជ្ជកម្ម ឥណ្ឌា-អាមេរិក បានដួលរលំ កាលពីឆ្នាំមុន ចំពេលដែល លោក Trump បានដាក់ពន្ធ ៥០ភាគរយ លើទំនិញពីប្រទេសឥណ្ឌា។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាបន្តបន្ទាប់នេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ជាសាកល ក្នុងការទប់ទល់នឹងសហរដ្ឋអាមេរិក ខណៈដែលការចង់ក្តោបយកកោះ greenland ពីសំណាក់ ប្រធានាធិបតី Donald Trump និង ការគំរាមកំហែងពន្ធ លើបណ្តាប្រទេសអឺរ៉ុប បានធ្វើឱ្យសម្ព័ន្ធភាពយូរអង្វែងរវាងអាមេរិក និងប្រទេសនៅអឺរ៉ុបរង្គោះរង្គើរ។
គួរបញ្ជាក់ថា ពាណិជ្ជកម្ម រវាងឥណ្ឌា និង អឺរ៉ុប មានចំនួន ១៣៦,៥ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ រហូតដល់ខែមីនា ឆ្នាំ២០២៥៕
ប្រភពពី CNA

Leave a Reply