ស្តុកខុល ៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានសង្កត់ធ្ងន់លើតម្រូវការបង្កើតអង្គការថា “ណាតូអឺរ៉ុប” ដោយលោកអះអាងថា សម្ព័ន្ធមិត្តអឺរ៉ុបគួរតែបង្កើនការទទួលខុសត្រូវខ្លាំងឡើង ចំពោះសន្តិសុខផ្ទាល់ខ្លួន ជំនួសឱ្យការពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក ។
អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក (SVT) នៅល្ងាចថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី Kristersson និយាយថា សហរដ្ឋអាមេរិកបានបំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមក ដូច្នេះហើយ អឺរ៉ុបត្រូវតែគ្រប់គ្រងស្ថានភាព និងពង្រឹងការការពារដោយខ្លួនឯង ។
លោក Kristersson ដែលមានវ័យ៦៣ឆ្នាំរូបនេះ បន្ថែមថា ណាតូជារឿយៗត្រូវបានផ្សារភ្ជាប់ជាចម្បងជាមួយអាមេរិក ប៉ុន្តែសមាជិកអឺរ៉ុបបង្កើតបានជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការសន្តិសុខនៅអឺរ៉ុបខាងជើង និងអឺរ៉ុបទូលំទូលាយ ។
លោកថា ផ្នែកទាំងមូលនៃអឺរ៉ុបរបស់យើង ត្រូវបានបង្កប់នៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងអង្គការណាតូ ដូច្នេះហើយ យើងត្រូវតែកសាងអង្គការណាតូអឺរ៉ុបរបស់យើង ។
ការអត្ថាធិប្បាយរបស់មេដឹកនាំស៊ុយអែតរូបនេះ ធ្វើឡើងចំពេលមានការជជែកវែកញែកកាន់តែខ្លាំងឡើង ជុំវិញបញ្ហាសន្តិសុខអឺរ៉ុប ដោយសារតែមហិច្ឆតារបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែចង់លេបយកកោះ Greenland ៕
ប្រភព ៖ ស៊ីនហួរ

Leave a Reply