មន្ត្រីអ៊ីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃពុធ ២៨មករាសប្ដាហ៍នេះ ប្រឆាំងនឹងការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើប្រទេសនេះ ដោយទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់បានគំរាមថា ទីក្រុងតេអេរ៉ង់នឹងវាយប្រហារអ៊ីស្រាអែលក្នុងករណីបែបនេះជាមួយនឹងការសងសឹក «មិនធ្លាប់មាន» រួមទាំង «ចំបេះដូងនៃទីក្រុង Tel Aviv»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយដែលចាក់ផ្សាយដោយទូរទស្សន៍ថ្មីៗនេះថា ប្រសិនបើអ៊ីស្រាអែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ប្រទេសនេះ នឹងសងសឹកដោយកម្លាំងដែលទីក្រុងតេអេរ៉ង់មិនធ្លាប់បានជួប។ប្រសិនបើអ៊ីរ៉ង់ធ្វើកំហុសធ្ងន់ធ្ងរដោយវាយប្រហារអ៊ីស្រាអែល លោកនឹងឆ្លើយតបដោយកម្លាំងខ្លាំងក្លាបំផុត ដោយអះអាងថាកាលពីរដូវក្តៅឆ្នាំ ២០២៥ ប្រទេសលោកវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ និងផ្កាយរណបរបស់ខ្លួន។
ក្នុងសារលើបណ្ដាញសង្គម X ទាំងជាភាសាពែរ្ស និងភាសាហេព្រូ លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាការបំភាន់។ សកម្មភាពយោធាណាមួយរបស់អាមេរិក គ្រប់ប្រភេទ និងនៅកម្រិតណាមួយ នឹងត្រូវបានចាត់ទុកថាជាការចាប់ផ្តើមសង្គ្រាម ហើយការឆ្លើយតបនឹងមានលក្ខណៈភ្លាមៗ ទូលំទូលាយ និងមិនធ្លាប់មាន ដែលតម្រង់ទៅលើអ្នកឈ្លានពាន នៅចំបេះដូងនៃទីក្រុង Tel Aviv និងចំពោះអ្នកដែលគាំទ្រអ្នកឈ្លានពាន»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ក៏បានព្រមានផងដែរថា កងកម្លាំងអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធាណាមួយរបស់អាមេរិក ប៉ុន្តែពុំបានច្រានចោលកិច្ចព្រមព្រៀងថ្មីលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះទេ។
លោកនិយាយលើបណ្ដាញសង្គម X ថា “កងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់ពួកលោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុចប៊ូតុងអាវុធរបស់ខ្លួន ដើម្បីឆ្លើយតបភ្លាមៗ និងខ្លាំងក្លាចំពោះការឈ្លានពានណាមួយប្រឆាំងនឹងដី អាកាស និងសមុទ្រជាទីស្រឡាញ់របស់ពួកលោក”៕

Leave a Reply