ទ្រនិចនាឡិកា «ថ្ងៃអវសានពិភពលោក» ដើរលឿនជាងមុន ខណៈសង្គ្រាមរីកកាន់តែធំ

វ៉ាស៊ីនតោន ៖ ទ្រនិចនាឡិកា «ថ្ងៃអវសានពិភពលោក» ឬ Doomsday Clock បានរំកិលមួយទ្រនិចទៀត ដោយកាន់តែខិតជិតដល់ម៉ោងពាក់កណ្តាលអធ្រាត្រ ដែលជាកម្រិតព្រមានពីវិនាសកម្មរបស់សកលលោក ខណៈដែលសង្គ្រាមរីកកាន់តែធំឡើង ។

«នាឡិកាថ្ងៃអវសានពិភពលោក» បង្កើតឡើងក្នុងឆ្នាំ ១៩៤៧ ដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ អំឡុងភាពតានតឹងនៃសង្គ្រាមត្រជាក់ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ។

ទ្រនិចនាឡិកានេះបង្កើតឡើង ក្នុងគោលបំណងព្រមានសាធារណជនថា មនុស្សជាតិខិតកាន់តែកៀកប៉ុនណា ទៅនឹងការបំផ្លាញពិភពលោក ហើយទ្រនិចនាឡិកាត្រូវបានកំណត់ជារៀងរាល់ឆ្នាំ ។

បើតាមសារព័ត៌មាន The Jerusalem Post , ទ្រនិចនាឡិកា «ថ្ងៃអវសានពិភពលោក» ត្រូវបានអ្នកវិទ្យាសាស្ត្រអាតូមិកបង្ខិតទៅមុខចំនួន ៤ វិនាទីបន្ថែមទៀត ដែលធ្វើឲ្យវានៅសល់ត្រឹមតែ ៨៥ វិនាទីទៀតប៉ុណ្ណោះ នឹងដល់ម៉ោងកណ្តាលអធ្រាត្រ ដែលជាចំណុចទ្រឹស្តីនៃវិនាសកម្មពិភពលោក ។

អ្នកវិទ្យាសាស្ត្រអាតូមិកនិយាយថា ការបង្ខិតទ្រនិច «នាឡិកាថ្ងៃអវសានពិភពលោក» ឲ្យរំកិលទៅមុខបន្ថែមទៀតនេះ គឺដោយសារតែឥរិយាបថរបស់មហាអំណាចនុយក្លេអ៊ែរធំៗ ក៏ដូចជាជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ព្រមទាំងក្តីបារម្ភអំពីបច្ចេកវិទ្យា AI ។

ក្រៅពីបញ្ហាទាំងនេះ កត្តាផ្សេងៗទៀតដូចជា ការបម្រែបម្រួលអាកាសធាតុ និងកត្តាដែលជំរុញហានិភ័យសម្រាប់គ្រោះមហន្តរាយពិភពលោក ក៏ត្រូវបានចាត់ចូលក្នុងទ្រនិចនាឡិកាមួយនេះផងដែរ ៕

ប្រភព ៖ The Jerusalem Post