លីបង់ កំពុងប្រុងប្រយ័ត្នខ្ពស់ ខណៈអ៊ីស្រាអែលប្តេជ្ញាឆ្លើយតបខ្លាំងក្លា ចំពោះការបាញ់រ៉ុក្កែតបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ បានប្តេជ្ញាថានឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដ៏បង្ហូរឈាម ដែលបានសម្លាប់មនុស្សច្រើននាក់ នៅតំបន់ខ្ពង់រាប Golan Heights ដែលត្រូវបានភ្ជាប់ឧបសម្ព័ន្ធ ខណៈអ្នកការទូត ប្រឹងប្រែងដើម្បីទប់ស្កាត់ជម្លោះរីកធំ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា(Hezbollah)។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលបានសម្លាប់មនុស្ស១២ នាក់ នៅក្នុងទីក្រុង Majdal Shams លោក Netanyahu បាននិយាយថា រដ្ឋអ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យរឿងនេះកន្លងហួសទៅនោះទេ។ យើងនឹងមានការឆ្លើយតប ហើយវានឹងធ្ងន់ធ្ងរ។

លោកត្រូវបានស្វាគមន៍ ដោយការតវ៉ាក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដែលបានកើតឡើងបន្ទាប់ពីអ្នកកាន់ទុក្ខ បានមកប្រមូលផ្តុំគ្នានៅទីក្រុង Druze Arab ដើម្បីបញ្ចុះសពជនរងគ្រោះចុងក្រោយ មានអាយុត្រឹមតែ១១ឆ្នាំ។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានដាក់កំហុសចំពោះការវាយប្រហារនេះ ទៅលើចលនាក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់ ដែលបានបាញ់តគ្នាស្ទើរតែរាល់ថ្ងៃ ជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា ចាប់ផ្តើមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែល កាលពីដើមខែតុលា។

រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បាននិយាយថា ចំណាត់ការផ្នែកការទូត បានព្យាយាមដើម្បីទប់ស្កាត់ចំពោះការឆ្លើយតបរបស់អ៊ីស្រាអែល ដែលរំពឹងទុក។

លោក Habib បាននិយាយថា សហរដ្ឋអាមេរិក បារាំង និងប្រទេសផ្សេងទៀត កំពុងព្យាយាមទប់ស្កាត់ការរីកធំនៃជម្លោះនេះ ខណៈនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា កិច្ចពិភាក្សាកំពុងធ្វើឡើងជាមួយភាគីអន្តរជាតិ អឺរ៉ុប និងអារ៉ាប់ ដើម្បីការពារប្រទេសលីបង់ និងបញ្ចៀសគ្រោះថ្នាក់។


Comments

Leave a Reply

Your email address will not be published. Required fields are marked *