អ៊ីស្រាអែល ជំរុញឱ្យ NATO បណ្តេញទួរគី ចេញពីសម្ព័ន្ធ ជុំវិញការគំរាមចូលអន្តរាគមន៍

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ (២៩ កក្កដា) បានជំរុញឱ្យអង្គការណាតូ (NATO) បណ្តេញទួរគី ចេញពីសម្ព័ន្ធយោធា បន្ទាប់ពីប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បានគំរាមថាខ្លួនអាចនឹងចូលអន្តរាគមន៍ក្នុងទឹកដីអ៊ីស្រាអែល ដូចដែលខ្លួនបានចូលទៅប្រទេសលីប៊ី និងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) នាពេលកន្លងមក។

ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយធា «ដោយមើលឃើញពីការគម្រាមកំហែងរបស់លោក Erdogan ក្នុងបំណងឈ្លានពានអ៊ីស្រាអែល និងវោហាសាស្ត្រដ៏គ្រោះថ្នាក់របស់លោក រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បានណែនាំបណ្ដាអ្នកការទូតឱ្យរួមគ្នាជាមួយសមាជិកណាតូទាំងអស់ថ្កោលទោសទួរគី និងទាមទារឱ្យប្រទេសនេះដកខ្លួនចេញពីសម្ព័ន្ធយោធាក្នុងតំបន់មួយនេះ»។

លោក Erdogan ដែលជាអ្នករិះគន់យ៉ាងខ្លាំងក្លាចំពោះសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យថា «ដូចដែលយើងធ្លាប់ចូលទៅតំបន់ Karabakh និងលីប៊ី យើងប្រហែលជាធ្វើរឿងស្រដៀងគ្នានេះដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីន»។ លោកមិនបានបញ្ជាក់ថាតើការអន្តរាគមន៍បែបណាដែលលោកកំពុងលើកឡើងនោះទេ។

ដោយធ្លាប់ជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏ជិតស្និទ្ធ ទំនាក់ទំនងរវាងអ៊ីស្រាអែល និងទួរគី កាន់តែយ៉ាប់យ៉ឺនជាងមួយទសវត្សរ៍មកហើយ។ ពាណិជ្ជកម្មទ្វេភាគីបានទទួលរងនូវព្យុះភ្លៀងការទូតជាច្រើនដែលឈានដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែទួរគីក្នុងខែនេះបាននិយាយថា ពួកគេនឹងបញ្ឈប់រាល់ពាណិជ្ជកម្មទ្វេភាគីជាមួយអ៊ីស្រាអែល រហូតដល់សង្គ្រាមបញ្ចប់ ហើយជំនួយអាចហូរចូលក្នុងតំបន់ហ្កាហ្សាដោយគ្មានឧបសគ្គ៕