ឥណ្ឌូណេស៊ី នឹងក្លាយជាប្រទេសទី ៥ នៅអាស៊ី មាននាវាផ្ទុកយន្តហោះក្នុងប្រវត្តិសាស្រ្ត

ហ្សាកាតា ៖ ឥណ្ឌូណេស៊ីរំពឹងទទួលបាននាវាផ្ទុកយន្តហោះដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តនៅត្រឹមឆ្នាំ ២០២៦ ដែលធ្វើឲ្យប្រទេសអាស៊ានមួយនេ ក្លាយជារដ្ឋទី ៥ នៅតំបន់អាស៊ី មាននាវាផ្ទុកយន្តហោះ បន្ទាប់ពីប្រទេសថៃ ចិន ឥណ្ឌា និងជប៉ុន ។

បើតាមសារព័ត៌មាន The Straits Times, នាវាផ្ទុកយន្តហោះដែលឥណ្ឌូណេស៊ីរំពឹងទទួលបាននេះមានឈ្មោះ ITS Giuseppe Garibaldi ។ វាជាជំនួយឥតសំណងរបស់អ៊ីតាលីផ្ត ប៉ុន្តែទីក្រុងហ្សាកាតានឹងរ៉ាបរងការចំណាយសម្រាប់ការជួសជុល ថែទាំ និងធ្វើទំនើបកម្ម ។

កងទ័ពជើងទឹកអ៊ីតាលីបានបញ្ឈប់ដំណើរការនាវានេះជាផ្លូវការ កាលពីខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីបម្រើការអស់រយៈពេលជិត ៤០ឆ្នាំ ។

ITS Giuseppe Garibaldi គឺជានាវាផ្ទុកយន្តហោះធុនស្រាលមានប្រវែងជាង ១៨០ ម៉ែត្រ និងមានល្បឿនប្រហែល ៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។ វាមានសមត្ថភាពផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្របានរហូតដល់ ១៨ គ្រឿង និងអាចបំពាក់ដោយប្រព័ន្ធមីស៊ីលដែនការពារអាកាស ។

មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ីនិយាយថា នាវានេះនឹងធ្វើដំណើរមកដល់ប្រទេសខ្លួន មុនថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាខួបកងទ័ពជាតិ ។

ការទទួលបាននាវាផ្ទុកយន្តហោះនេះទៀតសោត នឹងក្លាយជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មយោធាដ៏ធំរបស់ឥណ្ឌូណេស៊ី ក្នុងគោលបំណងការពារដែនសមុទ្រដ៏ធំរបស់ខ្លួន និងបង្កើនឥទ្ធិពលក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕

ប្រភព ៖ The Straits Times និង mothership