មេដឹកនាំកំពូលអ៊ីរ៉ង់ គំរាមវាយកម្ទេចនាវាចម្បាំង អាមេរិក បញ្ជូនមកកៀកប្រទេសខ្លួន

តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ស្រែកគំរាមកំហែងខ្លាំងៗ ផ្ញើទៅកាន់មហាអំណាចយោធាអាមេរិកថា បើសង្គ្រាមណាមួយផ្ទុះឡើង នោះនាវាចម្បាំងនឹងក្លាយជាគោលដៅរងការវាយលុកធ្ងន់ធ្ងរ រហូតលែងអាចងើបឡើមកតតាំងទៀតបាន ។

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងបានប្រកាសច្រានចោលការកំហិតលើកម្មវីធីមីស៊ីលផ្លោងបាលិស្ទីគរបស់ទីក្រុងតេហេរ៉ង់ និងបានរិះគន់ធ្ងន់ៗចំពោះសហរដ្ឋអាមេរិក ដែលបញ្ជូននាវាផ្ទុកយន្តហោះធំបំផុតនៅលើពិភពលោក និងយន្តហោះចម្បាំងជាច្រើន មកកាន់តែកៀកប្រទេសអ៊ីរ៉ង់ ។

លោក Khamenei មានវ័យ៨៧ឆ្នាំរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃអង្គារថា អស់រយៈពេល ៤៧ឆ្នាំមកហើយ អាមេរិកមិនអាចលុបបំបាត់សាធារណរដ្ឋឥស្លាមបានទេ ។ នោះគឺជាការពិតមិនអាចកែប្រែបាន ហើយអាមេរិកក៏នឹងមិនអាចធ្វើបែបនេះបានដូចគ្នាដែរ ក្នុងពេលខាងមុខ ។

លោក Khamenei បានអះអាងបែបនេះ ជារការឆ្លើយតបវោហាសាស្រ្តសម្លុតគំរាមរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា ការផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់ គឺជារឿងដ៏ល្អបំផុតដែលអាចកើតឡើង ។

ការអត្ថាធិប្បាយរបស់មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ កើតឡើងស្របពេលមានវោហាសាស្ត្រកាន់តែក្ដៅគគុក រវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន ជុំវិញការដាក់ពង្រាយយោធា និងសន្តិសុខក្នុងតំបន់ ហើយចំពេលដែលការចរចាជុំថ្មីមួយសម្របសម្រួលដោយប្រទេសអូម៉ង់ កំពុងដំណើរការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ៕

ប្រភព ៖ Jerusalem Post