លោក ហ្សេលេនស្គី ចោទលោក ត្រាំ ដាក់សម្ពាធហួសហេតុលើគាត់ឱ្យបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធហួសហេតុលើរូបលោក ដើម្បីឈានដល់ដំណោះស្រាយបញ្ចប់ជម្លោះរវាងទីក្រុងកៀវ និងមូស្គូ ក្នុងពេលជិត ៤ឆ្នាំមកនេះ ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios នៅថ្ងៃអង្គារ លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងថា រាល់ផែនការទាមទារឱ្យអ៊ុយក្រែនលះបង់ទឹកដី ដែលរុស្ស៊ីដណ្តើមកាន់កាប់នៅតំបន់ ដុនបាស់ ភាគខាងកើត គឺជារឿងមិនអាចទៅរួច បើទោះបីមានការធ្វើប្រជាមាតិក៏ដោយ ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា វាមិនយុត្តិធម៌ទាល់តែសោះ ដែលលោកប្រធានាធិបតី ត្រាំ បន្តអំពាវនាវជាសាធារណៈតែអ៊ុយក្រែន មិនមែនរុស្ស៊ី ឱ្យធ្វើសម្បទានក្នុងការចរចាសម្រាប់ផែនការសន្តិភាព ។ លោកថា ការទទូចបែបនេះ ទំនងជាយល់ថា ការដាក់សម្ពាធលើអ៊ុយក្រែន ងាយស្រួលជាងរុស្ស៊ី ។

ក្រៅពីរិះគន់ លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានឆ្លៀតនិយាយអរគុណលោក ត្រាំ ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ និងថា ការសន្ទនារវាងលោក និងក្រុមអ្នកចរចាកំពូលអាមេរិកកន្លងមក មិនជាប់ពាក់ព័ន្ធនឹងការដាក់សម្ពាធបែបនេះទេ ។

បើតាម BBC, សង្គ្រាមជាមួយរុស្ស៊ីក្នុងរយៈពេលជិត ៤ ឆ្នាំមកនេះ អ៊ុយក្រែនបានបាត់បង់ទឹកដីប្រហែល ៤,៧០០ គីឡូម៉ែត្រការ៉េ ឬស្មើនឹង ១១ ភាគរយនៃទឹកដីសរុបរបស់ខ្លួន ៕

ប្រភព ៖ The Straits Times និង BBC