ហ្វីលីពីន នឹងទទួលបានប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ថែមទៀត ពីសហរដ្ឋអាមេរិក

ម៉ានីល ៖ ទោះបីប្រឈមមុខនឹងការខឹងសម្បារបស់ចិនក៏ដោយ សហរដ្ឋអាមេរិកនៅតែមានគម្រោងដាក់ដាក់ពង្រាយប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ថែមទៀតនៅលើទឹកដីហ្វីលីពីន ខណៈដែលសម្ព័ន្ធមិត្តទាំងពីរ កំពុងលើកកម្ពស់ទំនាក់ទំនងការពារជាតិទ្វេភាគី ។

បើតាមសារព័ត៌មាន The Straits Times, ផែនការនេះ ត្រូវបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃអង្គារ បន្ទាប់ពីមានកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃពុធ ។

គម្រោងនេះទៀតសោត ធ្វើឡើងស្របតាមការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងម៉ានីល ក្នុងការបន្តបង្កើនការដាក់ពង្រាយប្រព័ន្ធមីស៊ីល និងប្រព័ន្ធយន្តហោះដ្រូនកម្រិតខ្ពស់របស់អាមេរិកនៅលើទឹកដីហ្វីលីពីន ។

តួយ៉ាង កាលពីឆ្នាំ ២០២៤ អាមេរិកទើបតែបានដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon នៅហ្វីលីពីន ។ ប្រព័ន្ធនេះអាចបាញ់រ៉ុកែ្តតពហុបំណង រួមមានទាំងមីស៊ីលនាំផ្លូវ Tomahawk ដែលមានរយៈចម្ងាយគ្រប់គ្រាន់ ដើម្បីវាយប្រហារផ្នែកដ៏ធំនៃប្រទេសចិន ។ ទីក្រុងប៉េកាំងនិយាយថា អាវុធប្រភេទនេះ អាចធ្វើឲ្យមានអស្ថិរភាព ។

ចំណែកនៅឆ្នាំ ២០២៥ វិញ អាមេរិកក៏បានបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ទៅកាន់ហ្វីលីពីនផងដែរ អំឡុងពេលបញ្ចេញសាច់ដុំយោធាបង្ហាញភាពជាដៃគូប្រចាំឆ្នាំ ។ ល្បែងសង្គ្រាមទាំងនោះ រួមមានទាំងសមយុទ្ធនៅភាគខាងជើងនៃកោះ Luzon និង Batanes ដែលជាតំបន់ជិតកោះតៃវ៉ាន់ ។

គួរបញ្ជាក់ថា ការគាំទ្ររបស់អាមេរិកដល់សម្ព័ន្ធមិត្តនៅអាស៊ីមួយនេះ ធ្វើឡើងខណៈពេលដែលហ្វីលីពីន និងចិន កំពុងប្រឈមមុខដាក់គ្នា ជុំវិញបញ្ហារឿងនៅសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិដ៏មហាសាល ៕

ប្រភព ៖ The Straits Times