ប្រជាជនវេណេស៊ុយអេឡានៅទូទាំងអាមេរិកឡាទីន តវ៉ាទាមទារតម្លាភាពក្នុងលទ្ធផលឆ្នោត

ប្រជាជនវេណេហ្ស៊ុយអេឡា ដែលរស់នៅក្នុងប្រទេសអាហ្សង់ទីន ម៉ិកស៊ិក និងឈីលី បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ (៣០ កក្កដា) ដើម្បីតវ៉ាទាមទារតម្លាភាព និងយុត្តិធម៌នៅក្នុងលទ្ធផលបោះឆ្នោតនាពេលថ្មីៗនេះរបស់ប្រទេសកំណើតរបស់ពួកគេ។ នៅរដ្ឋធានី ប៊ុយណូស៊ែរ របស់អាហ្សង់ទីន ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតវេណេស៊ុយអេឡា ដោយគ្រវីទង់ជាតិ និងកាន់ស្លាកដែលសរសេរថា «អ្នកគ្រប់គ្នាដឹងថាវាជាការបោកប្រាស់»។

នៅរដ្ឋធានី សាន់ត្យាហ្គោ របស់ឈីលី សហគមន៍វេណេស៊ុយអេឡា បានប្រមូលផ្តុំគ្នានៅភាគខាងលិចនៃទីក្រុងដើម្បីតវ៉ាប្រឆាំងនឹងការឈ្នះឆ្នោតឡើងវិញរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។ ប្រជាជនវេណេហ្ស៊ុយអេឡា ដែលរស់នៅក្នុងរដ្ឋធានី ម៉ិកស៊ិកូស៊ីធី បានតវ៉ានៅវិមានឯករាជ្យ (Angel of Independence) ដោយស្រែកពាក្យតវ៉ា និងអំពាវនាវឱ្យមានអន្តរាគមន៍ពីអន្តរជាតិដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅវ៉េណេស៊ុយអេឡា។

ការតវ៉ាបានផ្ទុះឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីថ្ងៃចន្ទ (២៩ កក្កដា) មក បន្ទាប់ពីអាជ្ញាធរបោះឆ្នោតបានប្រកាសថា ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Maduro បានឈ្នះតំណែងអាណត្តិទី៣ ជាមួយនឹងសំឡេងគាំទ្រ ៥១ភាគរយ ដោយផ្ទុយនឹងការស្ទង់មតិក្រោយបោះឆ្នោតដែលបង្ហាញពីជ័យជម្នះបក្សប្រឆាំងទៅវិញ។

សហគមន៍វេណេហ្ស៊ុយអេឡា នៅទូទាំងអាមេរិកឡាទីន បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមនុស្សជាច្រើនបានភៀសខ្លួនចេញពីវិបត្តិសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ៕