WHO៖ អ្នកជំងឺជាង ៨០នាក់ត្រូវបានបញ្ជូនចេញពីហ្កាហ្សា ក្នុងការជម្លៀសវេជ្ជសាស្រ្តដ៏ធំបំផុត

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារ (៣០ កក្កដា) ថា យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីនដែលមានជំងឺ និងរបួសយ៉ាងធ្ងន់ធ្ងរចំនួន ៨៥នាក់មកពីតំបន់ហ្កាហ្សា រួមទាំងកុមារចំនួន ៣៥នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់ទីក្រុង អាប៊ុយដាប៊ី (Abu Dhabi) សម្រាប់ការថែទាំពិសេស។

អគ្គនាយក WHO លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានបង្ហោះនៅលើបណ្ដាញសង្គម X ថា «ការជម្លៀសរួមគ្នាដ៏ស្មុគស្មាញបំផុតនេះត្រូវបានគាំទ្រដោយអារ៉ាប់រួម អង្គការ WHO និងបណ្ដាដៃគូ ហើយវាជាប្រតិបត្តិការជម្លៀសផ្នែកវេជ្ជសាស្រ្តដ៏ធំបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក»។

អ្នកជំងឺ ដែលត្រូវបានជម្លៀសចេញទាំងនោះ ទទួលរងនូវស្ថានភាពធ្ងន់ធ្ងរផ្សេងៗរួមមានជំងឺមហារីក បញ្ហាប្រព័ន្ធប្រសាទ និងជំងឺបេះដូងជាដើម។ វិស័យវេជ្ជសាស្រ្ដរបស់តំបន់ហ្កាហ្សា ត្រូវបានខូចខាត បន្ទាប់ពីប្រតិបត្តិការយោធារយៈពេលជិត ១០ខែ ដែលត្រូវបានជំរុញដោយការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងអ៊ីស្រាអែល។

ក្នុងអំឡុងពេលជម្លោះ អ៊ីស្រាអែលបានវាយឆ្មក់ និងទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ដោយលើកហេតុផលថា ក្រុមហាម៉ាស បានប្រើប្រាស់មូលដ្ឋានទាំងនោះសម្រាប់គោលបំណងយោធា។ ការជម្លៀសវេជ្ជសាស្រ្ដចេញពីហ្កាហ្សា គឺកម្រមានណាស់តាំងពីខែឧសភាមក នៅពេលច្រកឆ្លងកាត់ដ៏សំខាន់ រ៉ាហ្វា (Rafah) ត្រូវបានបិទ ខណៈអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សាភាគខាងត្បូងមួយនេះ៕