ហ៊្សេរុយសាឡិម ៖ អ៊ីស្រាអែលមានផែនការបង្កើនកញ្ចប់ថវិកាការពារជាតិប្រហែល ១៣ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ ២% នៃផលិតផលក្នុងស្រុកសរុប ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។
យោងតាម Bloomberg, ការបង្កើនថវិកាបន្ថែមនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាឆ្នាំ ២០២៦ ដែលត្រូវបានលើកមកពិភាក្សា និងអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នាល្ងាចថ្ងៃអង្គារ ហើយបន្ទាប់មក សភានឹងចុះហត្ថលេខានៅមុនចុងខែមីនាខាងមុខ ។
ផ្អែកតាមប្រភពពីមន្ត្រីហិរញ្ញវត្ថុមួយរូប, ថវិកាសង្គ្រាមពិសេសនេះ នឹងត្រូវបង្កើនបន្ថែមប្រមាណ ៩ពាន់លានដុល្លារទៀត ក្នុងនោះជាង ៣ពាន់លានដុល្លារ បម្រុងទុកសម្រាប់តម្រូវការផ្នែកយោធា ។
សរុបមក ការចំណាយពង្រឹងវិស័យការពារជាតិរបស់អ៊ីស្រាអែល ត្រូវបានរំពឹងថា នឹងឈានដល់ជាង ៤៥ពាន់លានដុល្លារ កើនឡើងចំនួន ១១៥% បើធៀបនឹងឆ្នាំ ២០២៣ ពោលគឺមុនសង្គ្រាមហ្គាហ្សា ខណៈដែលផែនការចំណាយសរុបឥឡូវនេះ ខិតជិតដល់ ២២៦ពាន់លានដុល្លារ ។
ការបង្កើនកញ្ចប់ថវិកាក្នុងសង្គ្រាមអ៊ីរ៉ង់ នឹងប្រើប្រាស់ជាចម្បងសម្រាប់បំពេញបន្ថែមស្តុកសព្វាវុធយោធា និងការចំណាយលើទាហានបម្រុង ។
កញ្ចប់ថវិកាពីមុន បានកំណត់ជ្រើសរើសទាហានបម្រុងត្រឹមតែ ៤ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ដើម្បីចូលបម្រើជួរកងទ័ពចំនួន ៥៥ថ្ងៃក្នុងម្នាក់ ប៉ុន្តែចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់បានចាប់ផ្តើមក្នុងខែកុម្ភៈ ទ័ពបម្រុងបានកើនឡើងដល់ ១០ម៉ឺននាក់ ។
មកដល់ពេលនេះ ជនស៊ីវិលច្រើនជាង ១.៣០០នាក់ត្រូវបានសម្លាប់ ហើយទីតាំងជនស៊ីវិលប្រមាណ ៩.៦៦៩កន្លែងរងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះឡើង ក្រោយអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ នេះបើតាមស៊ីនហួរ ដកស្រង់សម្តីឯកអគ្គរដ្ឋទូត និងជាអ្នកតំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ៕
ប្រភព ៖ Bloomberg និង Xinhua

Leave a Reply