លោក ពូទីន ថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលគួរឲ្យទុកចិត្ត ចំពេលមានវិបត្តិប្រេង

មូស្គូ ៖ លោក ប្រធានាធិបតីរុស្ស៊ី ពូទីន បានប្រកាសថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពល ដែលអាចទុកចិត្តបាន នៅពេលដែលតម្លៃទំនិញយុទ្ធសាស្ត្រ ទាំងនេះ កើនឡើងតម្លៃ ចំពេលវឹកវរ នៅមជ្ឈិមបូព៌ា។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មានប្រសាសន៍ កាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូ នឹងបន្តផ្គត់ផ្គង់ប្រេង ដល់ដៃគូ ដែលអាចទុកចិត្តបាន នៅអាស៊ី ក៏ដូចជា សមាជិកសហភាពអឺរ៉ុប ដូចជា ហុងគ្រី និង ស្លូវ៉ាគី ដោយបន្ថែមថា ស្ថិរភាព គឺជាអ្វីដែលក្រុមហ៊ុនថាមពលរុស្ស៊ី តែងតែ គិតគូ។

ការអត្ថាធិប្បាយ របស់លោក ពូទីន ធ្វើឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពី នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានជំរុញឱ្យសហភាពអឺរ៉ុប ផ្អាកការដាក់ទណ្ឌកម្មលើប្រេង និងឧស្ម័នរុស្ស៊ី ដើម្បីទប់ទល់នឹងតម្លៃដែលកើនឡើង ដោយសារសង្រ្គាម នៅមជ្ឈិមបូព៌ា។

ជាការកត់សម្គាល់ អឺរ៉ុប បានហាមប្រាមការនាំចូលប្រេងឆៅ ពីរុស្សី ក្នុងឆ្នាំ២០២២ ខណៈពេលដែលការនាំចេញបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសហុងគ្រី និង ស្លូវ៉ាគី ត្រូវបានបញ្ឈប់ តាំងពីខែមករា ដោយសារការខូចខាតបំពង់បង្ហូរប្រេង Druzhba ដែលឆ្លងកាត់អ៊ុយក្រែន។

បើតាមដំណឹងចុងក្រោយនេះ, អាមេរិក ពិចារណា លែងលែងទណ្ឌកម្មប្រេងលើរុស្ស៊ី ចំពេលដែលអ៊ីរ៉ង់គំរាមវាយប្រហារ លើបណ្តានាវាដែលបើកឆ្លងកាត់ច្រកសមុទ្រ Hormuz សងសឹកនឹងអាមេរិក ព្រួតដៃជាមួយអ៊ីស្រាអែល វាយប្រហារមកលើខ្លួន កាលពីចុងខែកុម្ភៈ៕

ប្រភពពី AFP