ក្រុម​ហាម៉ាស​៖ ​អ៊ីស្រាអែល​ នឹង​មិន​សម្រេច​គោល​ដៅ​ដោយ​ការ​សម្លាប់​មេដឹក​នាំខ្លួន​នោះទេ ​ មន្ត្រី​ក្រុម​ហាម៉ាស​ លោក ​សាមី​ អាប៊ូ​ ហ្សូរី​ (Sami​ Abu ​Zuhri)​ បាន​ប្រាប់​សារព័ត៌​មាន​រ៉យទ័រ​ថា ​ការ​ធ្វើ​ឃាត​មេដឹក​នាំក្រុម​ហាម៉ាស ​លោក​ អ៊ីស្មេល​ ហានី​យ៉េ​ (Ismail Haniyeh) ​នៅ​អ៊ីរ៉ង់​ គឺជា​ការ​បង្កើន​ភាព​តាន​តឹង​យ៉ាង​ធ្ងន់​ធ្ងរ​ ដែលអ៊ី​ស្រាអែល​ នឹង​មិន​សម្រេចបា​ននូ​វគោល​ដៅរ​បស់ខ្លួន​ឡើយ។

ក្រុមហាម៉ាស៖ អ៊ីស្រាអែល នឹងមិនសម្រេចគោលដៅដោយការសម្លាប់មេដឹកនាំខ្លួននោះទេ
មន្ត្រីក្រុមហាម៉ាស លោក សាមី អាប៊ូ ហ្សូរី (Sami Abu Zuhri) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) នៅអ៊ីរ៉ង់ គឺជាការបង្កើនភាពតានតឹងយ៉ាងធ្ងន់ធ្ងរ ដែលអ៊ីស្រាអែល នឹងមិនសម្រេចបាននូវគោលដៅរបស់ខ្លួនឡើយ។
នៅក្នុងគេហទំព័រព័ត៌មាន ស៊ីហាប (Shehab) ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស លោក Abu Zuhri ត្រូវបានដកស្រង់សម្តីដោយនិយាយ​ថា ក្រុមសកម្មប្រយុទ្ធនេះជាចលនាមួយមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការស្លាប់របស់មេដឹកនាំណាម្នាក់របស់ខ្លួន។
លោកបន្តថា៖ «យើងកំពុងធ្វើសង្រ្គាមបើកចំហមួយដើម្បីរំដោះក្រុង​ហ្សេរុយសាឡិម ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការបង់ខាតណាមួយទាំងអស់»។ មន្រ្តីហាម៉ាសរូបនេះបន្ថែមថា ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា នឹងបន្តផ្លូវដែលខ្លួនកំពុងដើរ ដោយសង្កត់ធ្ងន់ថា «យើងមានទំនុកចិត្តចំពោះជ័យជំនះ»។
ប្រភពនៅអ៊ីរ៉ង់បានឱ្យដឹងថា ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងជួបប្រជុំ ដើម្បីសម្រេចយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការឆ្លើយ​តបលើការស្លាប់របស់លោក Haniyeh សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុង​តេ​អេរ៉ង់ ដែលត្រូវបានធ្វើឃាតកាលពីព្រឹកព្រលឹមនៅអ៊ីរ៉ង់ ក្នុងពេលដែលលំនៅឋានរបស់លោកត្រូវបានកំណត់គោលដៅ។
ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាសឃ្មូដ អាបាស (Mahmoud Abbas) បានថ្កោលទោសការសម្លាប់លោក Haniyeh ហើយបក្សពួកប៉ាឡេស្ទីននៅតំបន់កាន់កាប់ West Bank បានអំពាវនាវឱ្យមានមហាបាតុកម្មប្រឆាំងនឹងរឿងនេះ៕