[UPDATE] ក្តីសង្ឃឹមសម្រាប់អ្នករស់រានមានជីវិតពីបំណាក់ដីកាន់តែតិច ខណៈអ្នកស្លាប់កើនឡើងដល់២៧០នាក់

ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយតាមកម្ទេចកម្ទី ដើម្បីស្វែងរកសញ្ញានៃជីវិត ក្នុងល្បាប់ និងកម្ទេចថ្ម ក្នុងទីក្រុង វ៉ាយ៉ាណាដ (Wayanad) កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧០ នាក់។មនុស្សប្រហែល ២២៥ នាក់នៅតែបាត់ខ្លួន ខណៈសាលារៀន ជាច្រើនត្រូវបានបិទ។

ក្តីសង្ឃឹមនៃការរកឃើញអ្នកនៅរស់រានមានជីវិតបានចាប់ផ្តើមរសាត់ទៅៗបន្តិចបម្ដងៗ នៅពេលក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានព្យាយាមជីកកកាយនៅតាមគំនរកម្ទេចកម្ទី ល្បាប់និងថ្ម។ ក្រុមសាច់ញាតិកំពុងរង់ចាំយ៉ាងអន្ទះសារសម្រាប់ដំណឹងពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ខណៈសាកសពភាគច្រើនបានរកឃើញជាបន្តបន្ទាប់។

ភ្លៀងធ្លាក់កាន់តែខ្លាំង និងកម្ពស់ទឹកទន្លេក្នុងស្រុក បានរារាំងដល់ការជួយសង្គ្រោះ ដោយស្ពានបណ្តោះអាសន្នមួយត្រូវបានសាងសង់ឡើងដើម្បីភ្ជាប់តំបន់ ម៉ុនដាកកៃ (Mundakkai) ដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋ Kerala ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសឥណ្ឌា បង្កឱ្យមានបំណាក់ដីនៅក្នុងស្រុក វ៉ាយ៉ាណាដ កាលពីព្រឹកថ្ងៃអង្គារ ដែលបណ្ដាលឱ្យមាន ល្បាប់លាយឡំជាមួយទឹក និងផ្ទាំងថ្មដែលបាក់ធ្លាក់ចុះពីចំណោត និងកប់មនុស្សរាប់រយនាក់នៅពេលពួកគេកំពុងលង់លក់ក្នុងដំណេក។

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា មនុស្សជិត ១.៦០០ នាក់ ត្រូវបានជួយសង្គ្រោះពីភូមិឋាននានានៅតំបន់ភ្នំ ចម្ការតែ និងក្រវាញ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *