ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យបានស្នើសុំជាបន្ទាន់ឲ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បញ្ឈប់ការវាយប្រហារប្រឆាំងនឹងប្រទេសនានានៅតំបន់មជ្ឈិមបូព៌ា មិនថា ដោយផ្ទាល់ ឬតាមរយៈក្រុមតំណាង រួមទាំងនៅលីបង់ និងអ៊ីរ៉ាក់នោះទេ ។
បើតាម Straits Times, លោក Macron បានដាស់តឿនលោក Pezeshkian ថា បារាំងកំពុងធ្វើសកម្មភាព ក្នុងក្របខ័ណ្ឌការពារយ៉ាងតឹងរ៉ឹង ក្នុងគោលបំណងការពារផលប្រយោជន៍របស់ខ្លួន ដៃគូក្នុងតំបន់ និងសេរីភាពនៃការធ្វើនាវាចរណ៍ ហើយវាជារឿងមិនអាចទទួលយកបានទេ ដែលប្រទេសបារាំងក៏ក្លាយជាគោលដៅរបស់អ៊ីរ៉ង់ ។
លោកថា សេរីភាពនៃការធ្វើនាវាចរណ៍ នៅច្រកសមុទ្រ Hormuz ក៏ត្រូវតែស្ដារឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ។
ការជំរុញរបស់លោក Macron ធ្វើឡើង បន្ទាប់ពីលោក Donald Trump ទាមទារឱ្យប្រទេសនានា បញ្ជូននាវាចម្បាំងមកចូលរួមការពារច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់មួយរបស់ពិភពលោក ។
យ៉ាងណា បារាំង ជប៉ុន អូស្ត្រាលី និងអង់គ្លេស បានបង្ហាញជំហរបដិសេធ ចំពោះការដាក់សម្ពាធរបស់លោក Trump សម្រាប់ការទាមទារមួយនេះ ។
បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ ៕
ប្រភព ៖ Straits Times និង the guardian

Leave a Reply