ហាម៉ាស់ ជួបក្រុមប្រឹក្សាសន្តិភាព លើកដំបូង

បរទេស ៖ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សា បានជួបចរចា ជាមួយក្រុមប្រឹក្សាសន្តិភាព របស់លោក ដូណាល់ ត្រាំ ជាលើកដំបូង។

សារព័ត៌មាន RT បានរាយការណ៍ ដោយបានដកស្រង់ប្រភព កាលពីថ្ងៃទី១៦ ខែមីនាថា
«ក្រុមហាម៉ាស់ បានបើកកិច្ចចរចា លើកដំបូង របស់ខ្លួន ជាមួយក្រុមប្រឹក្សាសន្តិភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈដែលផែនការ កសាងតំបន់ហ្គាហ្សា ក្រោយសង្គ្រាម កើតឡើង ក្រោមភាពតានតឹង ពីសង្គ្រាមអ៊ីរ៉ង់ និង បន្តការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើតំបន់នោះ»។

ប្រភព បានឲ្យដឹងថា កិច្ចប្រជុំ បានធ្វើឡើង កាលពីចុងសប្តាហ៍មុន នៅទីតាំង ដែលមិនត្រូវបានបង្ហាញ ហើយផ្តោតលើការសង្គ្រោះ ដែលជាធាតុផ្សំនៃគំនិតផ្តួចផ្តើម របស់លោក Trump រួមទាំង បទឈប់បាញ់ រយៈពេលវែង និង កម្មវិធីកសាងឡើងវិញ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល។ ការចរចា ត្រូវបានគេពណ៌នាថា ជាកិច្ចការបឋម ដោយមិនមានការប្រកាសឱ្យដឹង អំពីការលទ្ធផលច្បាស់លាស់ នោះឡើយ។

ក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace មិនបានធ្វើសកម្មភាព ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ ចុងក្រោយនេះទេ ខណៈដែលរដ្ឋជាសមាជិកមូស្លីម បានសម្តែងការខឹងសម្បារ ចំពោះការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល និង អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ និង បានពិភាក្សាគ្នាថា តើពួកគេត្រូវបន្តពាក់ព័ន្ធទៀត ឬ ក៏ត្រូវចាកចេញ៕

ប្រភពពី RT